ក្រុមហ៊ុន Eve Energy បានដាក់ឱ្យដំណើរការនូវការផលិតថ្ម Solid-state batteries ស៊េរីថ្មី ២ជម្រើស មានសមត្ថភាពខ្ពស់ក្នុងវិស័យឧស្សាហកម្ម និងយានយន្តអគ្គិសនី
23-03-2026 11:16
(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយប្រទេសចិន Eve Energy ដែលមានរោងចក្ររបស់ខ្លួនស្ថិតនូវទីក្រុង Chengdu បានបង្ហាញនៅការរីកចម្រើនថ្មីលើប្រភេទថ្មរឹង (Solid-state batteries) ដោយមាន ២ជម្រើស Longquan No3 និងប្រភេទ Longquan No4 ដែលមានសមត្ថភាព 60Ah ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងយានយន្តអគ្គិសនី ដោយបានប្រកាសថា ទាំងនេះជំហានសំខាន់មួយឆ្ពោះទៅរកការត្រៀមដាក់ក្នុងទីផ្សារពាណិជ្ជកម្ម។ នេះបើយោងតាម Electrive បានចេញផ្សារនាពេលថ្មីៗនេះ។
Eve Energy ដែលត្រូវបានគេដឹងថា ជាក្រុមហ៊ុនផ្គត់ផ្គង់លើការផលិតថ្ម ឲ្យក្រុមហ៊ុនរថយន្តទំនើបៗមានដូចជា Tesla, BMW និង Mercedes-Benz ជាដើម ខណៈប្រភេទថ្ម Longquan No.3 ត្រូវបានបង្កើតសម្រាប់ឧបករណ៍អេឡិចត្រូនិក អាចដំណើរការក្រោមសម្ពាធទាបជាង 2MPa ។
ខណៈប្រភេទ Longquan No.4 គឺផ្តោតការបំពាក់លើរថយន្តអគ្គិសនី ដោយមានសមត្ថភាព 60Ah និងអាចដំណើរការក្រោមសម្ពាធមិនលើស 5MPa ដែលនេះបង្ហាញពីការរីកចម្រើនថ្មីលើការប្រើប្រាស់ ដែលធ្វើឱ្យប្រភេទថ្មកម្រិង (No4) ទទួលបានសមត្ថភាពទ្រាំទ្រកម្រិត Fast Charging ជាមួយកម្រិត 5MPa អនុញ្ញាតឱ្យអាគុយមួយនេះស៊ូទ្រាំលើការបង្កើតកម្តៅ និងសម្ពាធខ្លាំងជាងធម្មតា។
នេះជាការអភិវឌ្ឍសមត្ថភាពបន្តពីថ្មជំនាន់ Longquan No.2 ដែលដាក់ចេញកាលឆ្នាំ2025 និងត្រូវបានប្រើសម្រាប់វិស័យ Robotics, យានហោះ និងឧបករណ៍ AI។
ជាមួយគ្នានេះក្នុងបរិបទឧស្សាហកម្ម ក្រុមហ៊ុនផលិតថ្មកំពុងព្យាយាមកាត់បន្ថយសម្ពាធប្រតិបត្តិការ ដើម្បីធ្វើឲ្យថ្ម solid-state អាចផលិតបានងាយ និងប្រើប្រាស់បានលើរថយន្តពិត។ Eve Energy ក៏មានសហការជាមួយក្រុមហ៊ុនធំៗដូចជា Tesla, BMW និង Mercedes-Benz ផងដែរ។
បច្ចុប្បន្ន មិនទាន់មានព័ត៌មានអំពីពេលវេលាចេញទីផ្សារ ឬតម្លៃនៅឡើយទេ ហើយបច្ចេកវិទ្យានេះនៅតែស្ថិតក្នុងដំណាក់កាលដំបូង មុនឈានទៅផលិតជាច្រើនទូលំទូលាយ។
ទោះជាយ៉ាងណាក៏ដោយ ប្រភេទថ្ម Longquan No4 ក៏ដូចជាថ្មផ្សេងទៀតនៅក្នុងគ្រួសារ Longquan – នៅតែមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារជាទ្រង់ទ្រាយធំនៅឡើយទេ ខណៈរោងចក្រថ្មីរបស់ Eve Energy នៅទីក្រុង Chengdu ត្រូវបានបង្កើតឡើងឈរលើសមត្ថភាពផលិតប្រចាំឆ្នាំត្រឹមតែ 500,000ថ្ម ដែលស្មើនឹងប្រហែល 100 MWh ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
សមត្ថភាពបែបនេះនឹងគ្រប់គ្រាន់សម្រាប់រថយន្តអគ្គិសនីប្រហែល 1,000គ្រឿង ដែលត្រៀមបំពាក់ថាមពលថ្ម 100 kWh ឬរថយន្តអគ្គិសនីចំនួន 2,000គ្រឿង ដែលជ្រើសយកថាមពលថ្ម 50 kWh ហើយសរុបមកប្រភេទថ្ម Longquan No4 ទំនងជានឹងក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍ សម្រាប់ទីផ្សារឧស្សាហកម្ម ដែលធ្វើឱ្យក្រុមហ៊ុន Eve Energy បង្កើនការពង្រីកការផលិតកម្មយ៉ាងខ្លាំង ។
សូមជម្រាបផងថា កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Eve Energy បានណែនាំនៅផលិតផលមួយផ្សេងទៀតពីស៊េរីថ្មរឹង Longquan របស់ខ្លួនគឺ ប្រភេទ Longquan No. 2 ដែលជាថ្មរឹង 10-Ah ដែលមានដង់ស៊ីតេថាមពលរហូតដល់ 300 Wh/kg ឬ 700 Wh/L ។ បញ្ជាក់ផងថា Solid-state batteries គឺជាប្រភេទថ្មរឹង ដោយឈរលើបច្ចេកវិទ្យាផ្ទុកថាមពលកម្រិតខ្ពស់ ដែលជំនួសអេឡិចត្រូលីតរាវជាមួយនឹងវត្ថុធាតុរឹង ៕




