Messi បង្កើនគ្រាប់បាល់ក្បែរ ១,០០០គ្រាប់ នៅពេលរួមចំណែកជួយ Miami យកឈ្នះ New York
23-03-2026 12:00
(វ៉ាស៊ីនតោន)៖ កំពូលខ្សែប្រយុទ្ធ Lionel Messi នៅតែបង្កើនគ្រាប់បាល់ឥតស្រាកស្រាន្តឡើយនៅលើទីលានដដែល តាមរយៈរកបាន ១គ្រាប់បន្ថែមកើនបាន ៩០១គ្រាប់សរុប ដែលបានរួមចំណែកជួយក្លិប Inter Miami CF យកឈ្នះគូប្រជែង New York City ៣-២ យប់មិញក្នុងលីគអាមេរិក។
ពីគេហទំព័រ The Chosun បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំខាងលើនេះ រកបាន ១គ្រាប់ពីការទាត់បាល់ free kick ដ៏អស្ចារ្យរបស់គេនៅនាទី៧១ រួមចំណែកជួយ Miami ផ្តួល New York នៃជុំទី៥ ក្នុងពានរង្វាន់លីគអាមេរិក Major League Soccer 2026។
នេះមានន័យថា Messi ដែលធ្លាប់ប្រកបអាជីពបាល់ទាត់ក្នុងក្លិបអេស្ប៉ាញ FC Barcelona និងបារាំង Paris Saint Germain ផងនោះ នៅតែជាកីឡាករទី២ លើលោកដែលរកបានច្រើនគ្រាប់ក្នុងអាជីព បន្ទាប់ពីខ្សែប្រយុទ្ធដូចគ្នា Cristiano Ronaldo ដែលមាន ៩៦៥គ្រាប់ នៅពេលកិច្ចសន្យាក្នុងក្លិបរៀងៗខ្លួនរបស់ពួកគេ នឹងឈានដល់ឆ្នាំ២០២៧ ថែមទៀត។
តារាឆ្នើមទាំងពីរនេះ ក៏ត្រៀមបង្ហាញខ្លួននៅ World Cup 2026 លើកចុងក្រោយរបស់ពួកគេដែរ ក្រោយលេងបាន ៥សម័យកាលកន្លងមកដូចគ្នា គិតចាប់តាំងពីឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ដែលមានអាសូរីអ៉ីតាលីដណ្តើមបានជើងឯកនោះ៕



