ទីបំផុត! អ្នកលេងដៃទទេ «AK-K» បានផ្លាស់ប្តូរខ្សែជីវិតជាមួយប្រាក់រង្វាន់ ១០០លានរៀលពីកម្មវិធី «CAMBO RAPPER»

23-03-2026 12:30

(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ទីបំផុត AK-K ដែលមានរហ័ស្សនាមថា «អ្នកលេងដៃទទេ» ទទួលបានពានរង្វាន់ពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ដូចក្តីប្រាថ្នារបស់ខ្លួនហើយជាមួយប្រាក់រង្វាន់១០០លានរៀល និងនាឡិកាពេជ្រ CAMBO RAPPER យ៉ាងស្រស់ស្អាត បន្ទាប់ពីបានផ្តួលដៃគូប្រកួតអស់ជាច្រើននាក់។ ការប្រឡងចម្រៀងរ៉េប CAMBO RAPPER វគ្គផ្តាច់ព្រ័ត្របានរៀបចំឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយមានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ អ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ។

សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់បានលាន់មាត់សរសើរ និងស្រែកថា Wow គ្រប់ៗគ្នាពីការរៀបចំកម្មវិធី និងការតុបតែងឆាកដ៏ធំប្រណិត ជាមួយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតកម្រិតឆាកអន្តរជាតិ ជាពិសេសមានការចូលរួមសម្តែង និងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើន ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលធ្វើឱ្យឆាក CAMOBO RAPPER កាន់តែផ្ទុះកក្រើកឡើង។
អ្វីដែលនឹកស្មានមិនដល់ គឺបេក្ខជន សុខ ពេជ្រចាន់ភារៈ ឬ AK-K ដែលមានរហ័ស្សនាមថា «អ្នកលេងដៃទទេ» បានផ្តួលដៃគូ ៣នាក់ផ្សេងទៀត នៅវគ្គផ្តាច់ព្រ័ត្រនេះ ដើម្បីទទួលបានពានរង្វាន់ប្រាក់ ១០០លានរៀល រួមជាមួយនាឡិកាពេជ្រ CAMBO RAPPER យ៉ាងស្រស់ស្អាតពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER នៅក្នុងរដូវកាលទី១។

ជាមួយនឹងក្តីរំភើប និងពោរពេញទៅដោយមោទនភាព បេក្ខជន សុខ ពេជ្រចាន់ភារៈ ឬ AK-K អ្នកលេងដៃទទេ បានបង្ហាញនូវអារម្មណ៍រីករាយលាយឡំជាមួយទឹកភ្នែករបស់ខ្លួនថា ពេលនេះខ្លួនធ្វើបានហើយ អ្នកលេងដៃទេបានផ្លាស់ប្តូរវាសនារបស់ខ្លួន នៅលើឆាក CAMBO RAPPER នៅក្នុងរដូវកាលនេះ។ AK-K គឺជាបេក្ខជនមួយរូបដែលមានជីវភាពខ្វះខាត ជីវិតរបស់គេធ្លាប់កាត់នូវការលំបាកជាច្រើន ជាក់ស្តែងមុនក្លាយទៅជាម្ចាស់ពានរង្វាន់ CAMBO RAPPER លោកគឺជាធ្វើចម្រៀងច្រៀងដាក់ហ្វេសប៊ុក និងយូធូប ត្រូវគេមើលងាយមិនឱ្យតម្លៃ ប៉ុន្តែអ្វីដែលលោកបានជួបប្រទះ មិនបានធ្វើឱ្យលោកបោះបង់ចោលនោះទេ ផ្ទុយទៅវិញលោកកាន់តែខំប្រឹងប្រែង និងបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀង CAMBO RAPPERដើម្បីបន្តក្តីស្រមៃខ្លួន។

ពេលនេះអ្នកចម្រៀង ដែលធ្លាប់តែច្រៀងនៅលើហ្វេសប៊ុក យូធូប អ្នកលេងដៃទទេ AK-K បានប្រែក្លាយទៅជាអ្នកមានលុយពេញដៃជាមួយប្រាក់រង្វាន់ ១០០លានរៀល នាឡិកាពេជ្រ ពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ហើយ។ ទន្ទឹមនិងការទទួលពាននេះ AK-K ក៏បានក្លាយទៅជាតារាចម្រៀងរ៉េប ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា តាមក្តីប្រាថ្នារបស់ខ្លួន ជាពិសេសត្រូវចេញច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីធំៗ របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ជាបន្តបន្ទាប់រួមជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើន។ AK-K អ្នកលេងដៃទទេជាបេក្ខជន ដែលពោរពេញដោយសមត្ថភាពខ្ពស់ ក្នុងការធ្វើបទចម្រៀងរ៉េបប្រកបដោយពាក្យពេចន៍ចាក់ដោត និងមាន Flow ដ៏ទាក់ទាញ។

គួរបញ្ជាក់ថា បេក្ខជន ៤នាក់ចុងក្រោយ ដែលចូលរួមប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER រួមមាន Ak-K, SINA, B2 និងបេក្ខជន 4L។ ថ្វីដ្បិតតែបេក្ខជន៣នាក់ ដែលមិនទទួលបានពានរង្វាន់ ប៉ុន្តែនៅតែក្លាយទៅជាតារាចម្រៀងរ៉េប ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្នាក់១០លានរៀលផងដែរ៕