LG Chem គ្រោងបិទរោងចក្រផលិត «មេវត្ថុធាតុដើមផ្លាស្ទិក» ដ៏ធំមួយនៅកូរ៉េខាងត្បូង ដោយសារតម្លៃវត្ថុធាតុដើមឡើងថ្លៃខ្ពស់ពេក
23-03-2026 13:26
(បរទេស)៖ ក្រុមហ៊ុនឧស្សាហកម្មលំដាប់ពិភពលោក LG Chem កំពុងមានផែនការបិទរោងចក្រផលិតអេទីឡែន (Ethylene) ទី២ របស់ខ្លួននៅតំបន់ Yeosu ក្នុងពេលឆាប់ៗខាងមុខ។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាផលវិបាកដោយប្រយោលពីវិបត្តិសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលរុញច្រានឱ្យតម្លៃថាមពល និងវត្ថុធាតុដើមហក់ឡើងខ្ពស់ហួសការគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ប្រភពផ្ទៃក្នុងបានបង្ហើបប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា មូលហេតុចម្បងគឺដោយសារ «ការកើនឡើងយ៉ាងគំហុកនៃតម្លៃណាប់ថា (Naphtha) ចំពេលមានសង្គ្រាម»។ គួរជម្រាបថា ណាប់ថាគឺជាសារធាតុចម្រាញ់ពីប្រេងកាត ដើម្បីយកមកផលិតជា «អេទីឡែន» ដែលគេប្រសិទ្ធនាមថាជា «មេនៃសារធាតុគីមីឥន្ធនៈ» ឬជាវត្ថុធាតុដើមដំបូងគេបង្អស់សម្រាប់ផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ថង់ផ្លាស្ទិក ដបទឹកសុទ្ធ និងគ្រឿងបន្លាស់រថយន្តជាដើម។
រោងចក្រដែលគ្រោងនឹងផ្អាកដំណើរការនេះ មានសមត្ថភាពផលិតមហិមារហូតដល់ ៨០០,០០០ តោនក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ក្រុមហ៊ុន LG នៅមិនទាន់ចេញមុខបកស្រាយផ្លូវការនៅឡើយទេ ដោយបញ្ជាក់យ៉ាងខ្លីថា «LG បដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ»។ ចំណែកឯប្រភពដែលដឹងពីរឿងនេះ ក៏សុំមិនបញ្ចេញអត្តសញ្ញាណដែរ ព្រោះព័ត៌មាននេះមិនទាន់ត្រូវបានប្រកាសជាសាធារណៈ។
យោងតាមការចុះផ្សាយដំបូងដោយសារព័ត៌មាន Herald Business អ្នកជំនាញបារម្ភថា ការបិទរោងចក្រដ៏ធំមួយនេះ អាចនឹងជះឥទ្ធិពលដល់ខ្សែចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតទំនិញប្រើប្រាស់ផ្សេងៗនៅក្នុងតំបន់អាស៊ីទាំងមូលជាក់ជាមិនខាន៕










