កម្ពុជា ត្រៀមស្នើអាស៊ាន ៣ចំណុច ដើម្បីលើកកម្ពស់គុណតម្លៃ និងសកម្មភាពកីឡាក្នុងតំបន់

23-03-2026 15:15

(ភ្នំពេញ)៖ កម្ពុជាបានត្រៀមសំណើ ៣ចំណុចសម្រាប់ពិភាក្សា និងឈានទៅស្វែងរកការគាំទ្រពីបណ្ដាប្រទេសសមាជិក នៅក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ ដើម្បីលើកកម្ពស់គុណតម្លៃ និងសកម្មភាពកីឡាក្នុងតំបន់។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ នាចុងខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកថា នេះជាលើកទី២ ដែលកម្ពុជាត្រៀមរៀបចំសិក្ខាសាលា ស្ដីពីផែនការមេអាស៊ានកីឡា នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ បន្ទាប់ពីរៀបចំសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នៅខេត្តសៀមរាបកាលពីខែមករា ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ប្រទេសម្ចាស់ផ្ទះ មុនឈានទៅរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន។

ដូច្នេះកិច្ចប្រជុំនាដើមសប្ដាហ៍នេះ គឺដើម្បីត្រួតពិនិត្យកម្មវិធីនៃការរៀបចំសិក្ខាសាលា និងខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងចលនាជំរុញរបស់អាស៊ានទាំងមូល លើចំណុចគោលការណ៍ទាំង ៧ របស់អាស៊ាន ក្នុងការជំរុញឲ្យអប់រំកាយ និងកីឡាក្នុងតំបន់ មានការឯកភាព និងស៊ីចង្វាក់គ្នាក្នុងការអភិវឌ្ឍសុខុមាលភាពប្រជាជន និងការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ក្នុងតំបន់ ព្រមទាំងការធ្វើការជាមួយដៃគូអន្ដរជាតិ ដូចជាអង្គការ UNESCO ជាដើម។

ទន្ទឹមជាមួយការត្រៀមរៀបចំសិក្ខាសាលាកម្រិតតំបន់នេះដែរ កម្ពុជាបានត្រៀមនូវសំណើ ៣ចំណុច ដែលត្រូវអនុវត្តក្នុងការផ្សព្វផ្សាយឲ្យមានការគាំទ្រពីប្រទេសអាស៊ាន បន្ទាប់ពីលើកយកមកពិភាក្សាក្នុងសាលានាចុងខែនេះ។ សំណើទាំង ៣ ដែលលោក វ៉ាត់ ចំរើន បានលើកឡើងនេះរួមមាន៖

ទី១-យើងនឹងជំរុញឲ្យអាស៊ានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍកីឡា ដើម្បីសន្ដិភាព ជាយន្ដការរបស់កម្ពុជាយើង ដែលតែងថា «កីឡារស់ក្នុងសន្ដិភាព» ហើយតែងតែលើកតម្កើងសុខសន្ដិភាពក្នុងតំបន់ជាធំ។ យើងបានជំរុញកិច្ចការនេះ ដើម្បីគោរព និងអនុលោមភាពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារ និងចូលរួមការអភិវឌ្ឍនូវទស្សនៈទាន នៃការរក្សាសន្ដិភាព និងសេចក្ដីសុខរបស់ប្រជាជនក្នុងអាស៊ាន។ នេះជាចំណុចមួយ ដែលយើងនឹងដាក់ឲ្យមានក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាកីឡាអាស៊ានផងដែរ។

ទី២-អ្វីដែលកម្ពុជាចង់បាន គឺជំរុញឲ្យមានការផ្លាស់ប្ដូរគ្នា និងជួយគ្នាទៅវិញទៅមក ទៅលើការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាជំនាញ រួមមានផ្នែកវិទ្យាសាស្ដ្រកីឡា ការផ្លាស់ប្ដូរ និងជំរុញស្មារតីនៃការប្រកួតប្រជែងក្នុងស៊ីហ្គេមជាដើម ដោយគោលការណ៍របស់អាស៊ាន បានយកមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកីឡាស៊ីហ្គេម ទៅជាការជំរុញទឹកចិត្តឲ្យយុវជន និងកីឡាក្នុងអាស៊ាន។ចូលរួមចំណែកកសាងនូវសមត្ថភាពរបស់មន្ដ្រី និងអត្តពលិក ដែលជាការផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស។

ទី៣-ការជំរុញឲ្យមានការអនុវត្ត និងសកម្មភាពផ្លូវការលើកដំបូង បន្ទាប់ពីការដាក់ចេញជាគោលការណ៍ នៃការជួយអភិវឌ្ឍន៍ ស្រាវជ្រាវ និងរួមគ្នាដើម្បីជីកកកាយ និងស្ដារឡើងវិញនូវកីឡាប្រពៃណី អត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗក្នុងតំបន់ ដោយផ្ដើមចេញពីកម្ពុជា អំឡុងពេលរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាសអាស៊ាន នាឆ្នាំ២០២៧ និងមានការបង្ហាញនូវយុទ្ធគុនរបស់បណ្ដាប្រទេសអាស៊ានទាំងអស់ នៅតំបន់អង្គរ ខេត្តសៀមរាប។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ខាងមុខ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរ៕