Elon Musk បង្ហាញផែនការផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួន SpaceX និង Tesla ដើម្បីឲ្យទាន់តម្រូវការ
23-03-2026 16:19
(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ពីមហិច្ឆតាក្នុងការសហការផលិតបន្ទះឈីប (Chip) រវាងក្រុមហ៊ុន Tesla និង SpaceX។ ផែនការរបស់មហាសេដ្ឋីរូបនេះ បានកើតឡើងស្របពេលដែលក្រុមហ៊ុនទាំងពីររបស់លោក មានតម្រូវការបន្ទះឈីបខ្លាំង ដើម្បីដំណើរការផ្នែក AI។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័ព័ត៌មាន Tech Crunch។
យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg លោក Musk បានចែករំលែកផែនការនេះកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងព្រឹត្តិការណ៍មួយនៅកណ្តាលក្រុង Austin រដ្ឋ Texas ជាមួយនឹងរូបថតដែលបង្ហាញថា មូលដ្ឋានផលិតកម្មដែលលោក Musk ហៅថា «Terafab» នឹងត្រូវសាងសង់នៅជិតទីស្នាក់ការកណ្តាល និងរោងចក្រខ្នាតយក្ស (Gigafactory) របស់ Tesla ក្នុងក្រុង Austin។
លោក Elon Musk បាននិយាយថា លោកកំពុងបន្តគម្រោងនេះ ដោយសារតែក្រុមហ៊ុនផលិតគ្រឿងពាក់កណ្តាលសម្រេច (Semiconductor) មិនអាចផលិតបន្ទះឈីបបានលឿនគ្រប់គ្រាន់សម្រាប់តម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តរបស់ក្រុមហ៊ុនលោកឡើយ។ មហាសេដ្ឋីរូបនេះបាននិយាយថា «យើងមានតែជម្រើសពីរ គឺសាងសង់ Terafab ឬក៏គ្មានបន្ទះឈីបប្រើ ហើយយើងពិតជាត្រូវការបន្ទះឈីបទាំងនោះ ដូច្នេះយើងត្រូវតែសាងសង់ Terafab»។
គួរជម្រាបថា គោលដៅគឺដើម្បីផលិតបន្ទះឈីបដែលអាចទ្រទ្រង់ថាមពលកុំព្យូទ័រពី ១០០ ទៅ ២០០ ហ្គីហ្គាវ៉ាត់ (Gigawatts) ក្នុងមួយឆ្នាំនៅលើផែនដី រួមជាមួយនឹង ១តេរ៉ាវ៉ាត់ (Terawatt) នៅលើលំហអាកាស។ ទោះជាយ៉ាងណាក៏ដោយ លោក Elon Musk មិនបានបញ្ជាក់ពីកាលវិភាគជាក់លាក់សម្រាប់ផែនការទាំងនេះទេ។ ដូច Bloomberg បានកត់សម្គាល់fa លោក Musk មិនមានបទពិសោធន៍ពីមុនមកក្នុងវិស័យផលិតគ្រឿងពាក់កណ្តាលសម្រេចនោះទេ ហើយលោកក៏មានប្រវត្តិធ្លាប់សន្យាហួសពីការពិតទៅលើគោលដៅ និងពេលវេលាផងដែរ៕













