មិននឹកស្មាន «Secret Coach» ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប «CAMBO RAPPER» គឺជាបុគ្គលល្បីឈ្មោះក្នុងវិស័យចម្រៀងរ៉េប ៤០ឆ្នាំមកហើយ!
23-03-2026 16:55
(ភ្នំពេញ)៖ ក្រោយលាក់មុខអស់ពេលយ៉ាងយូរ ដល់ពេលដែលបង្ហាញមុខ Secret Coach ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ហើយ លោកគឺជាបុគ្គលមួយរូបដែលល្បីឈ្មោះ ក្នុងពិភពចម្រៀង Hip-Hop អស់ពេលជាង ៤០ឆ្នាំមកហើយ។
ចាប់តាំងពីបើកឆាកប្រឡងចម្រៀងរ៉េប CAMBO RAPPER មកទស្សនិកជនជាច្រើនឆ្ងល់យ៉ាងខ្លាំងថា Secret Coach ដែលតែងតែពាក់របាំងមុខជានរណា? ហេតុអ្វីក៏មានជំនាញខ្លាំងនៅក្នុងការផ្តល់យោបល់ និងគំនិតល្អៗដល់បេក្ខជនចូលរួមប្រកួតប្រជែងម្ល៉េះ? ពេលនេះរបាំងមុខដែលបានលាក់អស់ពេលយ៉ាងយូរនោះ ដល់ពេលដែលត្រូវបង្ហាញហើយ គឺបង្ហាញនៅក្នុងថ្ងៃប្រឡងចម្រៀងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រឡងចម្រៀង CAMBO RAPPER កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២៦ កន្លងមកនេះ។
Secret Coach រូបនោះគឺលោក សុខ វិសាល ដែលជាបុគ្គលមានស្នាដៃនៅក្នុងវិស័យចម្រៀង Hip-Hop និងមានស្នាដៃធំៗជាច្រើននៅក្នុងវិស័យចម្រៀង លោកបានចំណាយពេលវេលាក្នុងវិស័យនេះជាង ៤០ឆ្នាំមកហើយ រួមទាំងបានចំណាយពេលវេលា ២៥ឆ្នាំ ប្រឡូកនៅក្នុងវិស័យនេះនៅក្នុងស្រុកខ្មែរ។ លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ល្បីៗ ដែលបាននាំវិស័យចម្រៀង Hip-Hop មកស្រុកខ្មែរដំបូង។
ក្នុងនាមជា Secret Coach លោក សុខ វិសាល បានប្រើប្រាស់សមត្ថភាព និងបច្ចេកទេសរបស់ខ្លួនក្នុងការវិភាគ និងផ្តល់ដំបូងគ្មានល្អៗជាច្រើនដល់បេក្ខជន ដែលចូលរួមប្រកួតប្រជែង ជាពិសេសនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ លោកបាននិយាយថា អ្នកដែលអាចទទួលបានពាន គឺជាអ្នកដែលមើលឃើញច្បាស់ពីការធ្វើបទចម្រៀងឱ្យពីរោះ ទាំងអត្ថន័យនៃបទចម្រៀង និងការរើសភ្លេងថាប្លែកកម្រិតណា។ សូម្បីតែការរៀបចំខ្លួន និងការសម្តែងរបស់រូបគេនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ ទាល់តែមានអ្វីដែលពិសេសលើសបេក្ខជនផ្សេងទៀត ទើបរូបគេអាចលើកពាននោះបាន។
គួរបញ្ជាក់ផងដែរថា ការប្រឡងចម្រៀង CAMBO RAPPER មិនមែន Secret Coach ជាអ្នកផ្តល់ពិន្ទុនិងកំណត់ជោគវាសនារបស់បេក្ខជននោះទេ វាសនារបស់បេក្ខជនទាំង ៤រូប នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ គឺបងប្អូនទស្សនិកជនជាអ្នកបោះឆ្នោត៕













