ក្រុមខ្លាំងអ៉ីតាលី ចេញប្រយុទ្ធស្អែកនេះ ក្នុងដំណើរស្វែងរកកៅអី World Cup 2026 ក្រោយខកខាន ២លើក

24-03-2026 09:47

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៤សម័យកាល នឹងចេញដំណើរប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុបខានស្អែកនេះ ដើម្បីប្រជែងកៅអីឆ្ពោះទៅ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមអាសូរីមួយនេះ នឹងត្រូវពើបប្រទះអៀរឡង់ខាងជើងក្នុងដីរបស់ពួកគេ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ជម្រុះជុំចុងក្រោយប្រចាំតំបន់អឺរ៉ុប ក្នុងការស្វែងរកក្រុមឈ្នះឡើងទៅប៉ះវ៉េល ឬក៏បូស្នីបន្តទៀត សម្រាប់បំពេញពូល B ដែលមានស្វីស កាតា និងម្ចាស់ផ្ទះកាណាដា។

នៅចាំបានថា អ៉ីតាលីដែលបានឈ្នះជើងឯក World Cup ចុងក្រោយកាលឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ គម្រប់លើកទី៤ របស់ពួកគេនោះ បានធ្លាក់នៃវគ្គជម្រុះជុំចុងក្រោយនៃតំបន់អឺរ៉ុប ២សម័យកាលជាប់ៗគ្នាតែម្តង ពោលគឺក្នុងឆ្នាំ២០១៨ ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ និង ៤ឆ្នាំបន្ទាប់នៅកាតា គិតចាប់តាំងពី World Cup 2014 នៅប្រេស៊ីលរួចមក។

គួរបញ្ជាក់ផងថា កន្លងមកសម្រាប់អតីតជើងឯក World Cup ពុំដែលមានក្រុមណាបានខកខានពានធំនេះ ៣សម័យកាលជាប់គ្នានោះទេ ដ្បិតបច្ចុប្បន្នអ៉ីតាលីមានលោក Gennaro Gattuso អតីតសមាជិកឈ្នះ World Cup 2006 ដឹកនាំផងដែរ៕