OpenAI ត្រៀមទិញថាមពលនុយក្លេអ៊ែរខ្នាតយក្ស ខណៈលោក Sam Altman ប្រកាសដកខ្លួនពីក្រុមប្រឹក្សាភិបាល Helion

24-03-2026 10:37

(បរទេស)៖ លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI បានប្រកាសចុះចេញពីតំណែងក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Helion Energy ដើម្បីបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងសហការគ្នាយ៉ាងធំសម្បើមរវាងក្រុមហ៊ុនទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោក Altman បានបញ្ជាក់យ៉ាងច្បាស់នៅលើបណ្តាញសង្គម X ថា ការកាន់តួនាទីសម្រេចចិត្តក្នុងក្រុមហ៊ុនទាំងពីរក្នុងពេលតែមួយគឺ «មិនអាចបន្តទៅមុខទៀតបានទេ»។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីរក្សាតម្លាភាព និងបញ្ចៀសទំនាស់ផលប្រយោជន៍ ខណៈដែល OpenAI គ្រោងនឹងក្លាយជាអតិថិជនធំបំផុតមួយរបស់ Helion។ ទោះជាយ៉ាងណា លោកនៅតែរក្សាភាគហ៊ុនផ្ទាល់ខ្លួនក្នុងក្រុមហ៊ុនថាមពលនេះដដែល ប៉ុន្តែលោកនឹងមិនចូលរួមក្នុងការចរចាលើកិច្ចព្រមព្រៀងណាមួយឡើយ។

តាមសេចក្តីរាយការណ៍ពី Axios ក្រុមហ៊ុន OpenAI កំពុងពិភាក្សាកម្រិតខ្ពស់ក្នុងការទិញថាមពលអគ្គិសនីពី Helion ក្នុងបរិមាណដ៏មហិមា ពោលគឺរហូតដល់ ៥ ជីហ្កាវ៉ាត់ (5GW) នៅឆ្នាំ ២០៣០ និងកើនឡើងដល់ ៥០ ជីហ្កាវ៉ាត់ នៅឆ្នាំ ២០៣៥។ ទោះបីជា Helion មិនទាន់ប្រកាសជាផ្លូវការអំពីអតិថិជនថ្មី ប៉ុន្តែលោក David Kirtley នាយកប្រតិបត្តិ Helion បានបង្ហាញក្តីរំភើបថា៖ «Sam បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ Helion... ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយគាត់ក្នុងតួនាទីថ្មីនេះ»

និន្នាការនេះបានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងយ៉ាងក្តៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកដូចជា Microsoft, Google និង Amazon ដែលកំពុងប្រជែងគ្នាប្រមូលទិញប្រភពថាមពលរយៈពេលវែង។ ការរីកចម្រើនយ៉ាងលឿននៃបញ្ញាសិប្បនិម្មិត (AI) បានធ្វើឱ្យតម្រូវការអគ្គិសនីកើនឡើងខ្ពស់ហួសពីការស្មាន ដែលបង្ខំឱ្យក្រុមហ៊ុនទាំងនេះងាកទៅរកបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ Fusion ដែលធ្លាប់តែជារឿងហាក់ដូចជា «មិនអាចទៅរួច» កាលពីប៉ុន្មានឆ្នាំមុន។

គួរជម្រាបថា គិតត្រឹមដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Helion Energy ទទួលបានការវិនិយោគសរុបជាង ១ ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃក្រុមហ៊ុនកើនឡើងដល់ ៥,៤ ពាន់លានដុល្លារ។ ការផ្លាស់ប្តូរតួនាទីរបស់លោក Sam Altman នៅពេលនេះ គឺជាសញ្ញាបង្ហាញថា OpenAI កំពុងរៀបប្រភពថាមពលលយ៉ាងរឹងមាំ ដើម្បីគាំទ្រដល់មហិច្ឆតា AI របស់ខ្លួននាពេលអនាគត៕