លោក សៀន សំរុង និស្សិតខ្មែរម្នាក់គត់ ដែលបាននាំយកទង់ជាតិកម្ពុជា បង្ហាញខ្លួនយ៉ាងមានមោទកភាព ក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងដ៏ធំប្រចាំទីក្រុងវូហាន ចំណោមអ្នកចូលរួមរត់ ៣ម៉ឺននាក់

24-03-2026 11:06

(វូហាន-ចិន)៖ លោក សៀន សំរុង គឺជានិស្សិតកម្ពុជាម្នាក់ (សមាជិកក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន) ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងវូហាន ប្រទេសចិន ដែលបានសម្រេចជោគជ័យ ក្នុងការរត់ម៉ារ៉ាតុងពេញលេញ (Full Marathon) ចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងចំណោមអ្នកចូលរួមរត់ ៣០០០០នាក់ លោកគឺជាយុវជនខ្មែរមួយរូបគត់ ដែលបាននាំយកទង់ជាតិកម្ពុជាបង្ហាញខ្លួនយ៉ាងមាន មោទកភាព ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងដ៏ធំប្រចាំទីក្រុងវូហាន។

ការសម្រេចបាននូវគោលដៅនេះ មិនត្រឹមតែជាជ័យជម្នះផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយដ៏មានអត្ថន័យសម្រាប់និស្សិតកម្ពុជាដទៃទៀត ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន និងក្រៅប្រទេស។ អ្វីដែលកាន់តែពិសេសនោះ គឺលោក សៀន សំរុង បាននាំយកស្មារតី «ឈាមជ័រខ្មែរ» មកបង្ហាញលើទឹកដីចិន។ ការរត់នេះបាន ក្លាយជាស្ពានមួយក្នុងការបង្ហាញដល់មិត្តភក្តិចិន និងបរទេស និងប្រជាជនក្នុងតំបន់ឱ្យឃើញពីភាពរឹងមាំ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ នេះគឺជាការតំណាងឱ្យវប្បធម៌នៃការតស៊ូ និងការគោរព ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរយើង។

គោលបំណងធំនៃការចែករំលែកសមិទ្ធផលនេះ គឺដើម្បីលើកទឹកចិត្តដល់យុវជនខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យងាកមកចាប់អារម្មណ៍លើសុខភាព និងហ៊ានសាកល្បងសមត្ថភាពខ្លួនឯង។ ជោគជ័យនៅព្រឹត្តិការណ៍នេះ គឺជាមោទកភាពមួយសម្រាប់ខ្លួនឯង ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍និស្សិតខ្មែរក្នុងទីក្រុងវូហាន ក៏ដូចជាក្នុងប្រទេសចិនទាំងមូល។ ហើយនេះក៏ជាការជួយលើកមុខមាត់ប្រទេសជាតិ វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ក្នុងព្រឹត្តិការណ៍កីឡា អន្តរជាតិផងដែរ។

រឿងរ៉ាវរបស់និស្សិតរូបនេះ សង្ឃឹមថានឹងក្លាយជាកម្លាំងចិត្តដល់អ្នករាល់គ្នាឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីគោលដៅរៀងៗខ្លួន។ គួរកត់សម្គាល់ដែរថា លោក សៀន សំរុង ជាសមាជិកម្នាក់នៅក្នុងក្លិបរត់ SUSU Running Team នៃប្រទេសកម្ពុជា ហើយក៏ជាសមាជិកម្នាក់ក្នុងក្លិបរត់ 地大震旦纪跑团 នៃសាកលវិទ្យាល័យ CUG ក្នុងទីក្រុងវូហាន ប្រទេសចិន៕