តើអ្វីទៅជា Helios? បច្ចេកវិទ្យា AI ថ្មីរបស់ ByteDance ដែលកំពុងអង្រួនពិភពឌីជីថល
24-03-2026 11:15
(ភ្នំពេញ)៖ ក្នុងខណៈពេលដែលបច្ចេកវិទ្យាបង្កើតវីដេអូដោយបញ្ញាសិប្បនិម្មិតកំពុងមានការប្រកួតប្រជែងយ៉ាងក្តៅគគុក ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានសម្រេចចិត្តបោះជំហានទៅមុខមួយជំហានទៀតតាមរយៈការបញ្ចេញ Helios ។ នេះមិនមែនគ្រាន់តែជាការបន្ថែមមុខងារថ្មីធម្មតានោះទេ ប៉ុន្តែវាគឺជាការបង្កើតស្ដង់ដារថ្មីមួយដែលរួមបញ្ចូលគ្នារវាងល្បឿនដ៏អស្ចារ្យ និងគុណភាពវីដេអូកម្រិតខ្ពស់ ដែលពីមុនមកពិភព AI តែងតែជួបការលំបាកក្នុងការធ្វើឱ្យមានតុល្យភាពរវាងចំណុចទាំងពីរនេះ។
ចំណុចដែលធ្វើឱ្យ Helios ក្លាយជាប្រធានបទដ៏ក្ដៅគគុកនោះ គឺសមត្ថភាពក្នុងការផលិតវីដេអូក្នុងល្បឿន Real-time ដែលវាអាចបង្កើតរូបភាពបានរហូតដល់ជិត ២០ ប្លង់ក្នុងមួយវិនាទី។ ល្បឿនដ៏លឿនដូចរន្ទះនេះអនុញ្ញាតឱ្យការបង្កើតវីដេអូពីអក្សរ ឬរូបភាព លែងជាការរង់ចាំដ៏យូរអង្វែងទៀតហើយ។ អ្វីដែលកាន់តែពិសេសនោះ គឺសមត្ថភាពក្នុងការរក្សាស្ថិរភាពនៃសាច់រឿងក្នុងវីដេអូដែលមានរយៈពេលវែងដល់កម្រិតនាទី ដែលជាបញ្ហាប្រឈមធំបំផុតសម្រាប់ AI ជំនាន់មុនៗដែលច្រើនតែធ្វើឱ្យរូបរាងមនុស្ស ឬវត្ថុប្រែប្រួលខុសពីដើមនៅចុងវីដេអូ។
ការមកដល់នៃ Helios ក៏បានបង្ហាញពីយុទ្ធសាស្ត្រវាយបកដ៏ឆ្លាតវៃរបស់ ByteDance ទៅលើគូប្រជែងធំៗដូចជា OpenAI ជាដើម។ តាមរយៈការរចនាឱ្យស៊ីកម្លាំងម៉ាស៊ីនតិច និងការត្រៀមបញ្ចេញជាសាធារណៈ (Open Source) Helios នឹងក្លាយជាឧបករណ៍ដ៏មានអានុភាពសម្រាប់អ្នកបង្កើតមាតិកាគ្រប់រូប មិនថាសម្រាប់បំលែងអក្សរទៅជាវីដេអូ ឬការកែច្នៃវីដេអូចាស់ឱ្យមានស្ទីលថ្មីប្លែកនោះទេ។ នេះគឺជាសញ្ញាបង្ហាញថា យុគសម័យនៃការផលិតវីដេអូគុណភាពខ្ពស់ដោយគ្រាន់តែប្រើចុងម្រាមដៃ កំពុងតែខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
Helios គឺជាម៉ូដែល AI ខ្នាតយក្ស (14B Parameters) ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង ByteDance និង សាកលវិទ្យាល័យ Peking។ ចំណុចដែលធ្វើឱ្យវាខុសប្លែកពីគេ គឺសមត្ថភាពក្នុងការផលិតវីដេអូក្នុងល្បឿន 19.5 FPS (Frames Per Second)។ មានន័យថា បើអ្នកចុចបញ្ជាភ្លាម វីដេអូនឹងលោតចេញមកស្ទើរតែភ្លាមៗ (Real-time) ដូចយើងកំពុងមើល Live ផ្ទាល់អញ្ចឹង៕









