កីឡាករ ២៧រូប ជាប់តេស្ដប្រមូលផ្ដុំក្រុមជម្រើសជាតិ U17 កម្ពុជា ត្រៀមប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
24-03-2026 11:39
(ភ្នំពេញ)៖ កីឡាករយុវជន ២៧រូប បានជាប់តេស្ដសមត្ថភាពដំណាក់កាលទី១ និងត្រូវប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ត្រៀមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៧ឆ្នាំ (ASEAN U17 Boys’Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី នាពាក់កណ្ដាលខែមេសាខាងមុខ។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្សព្វផ្សាយបញ្ជីឈ្មោះបឋមរបស់ក្រុមគោព្រៃជំទង់កម្ពុជា កាលពីម្សិលមិញ រួមមានកីឡាករយុវជនវិសាខា ១០រូប, សាលាបាល់ទាត់ជាតិបាទី ៧រូប, ភ្នំពេញក្រោន ៤រូប និងកងយោធពលខេមរភូមិន្ទ ៣រូប ខណៈ ៣រូបទៀត ជាកីឡាករយុវជនក្លិបអង្គរថាយហ្គឺរ សៀមរាបយូណាយធីត និង ISI ដង្កោសែនជ័យ។
កីឡាករវ័យក្មេងទាំង ២៧រូបខាងលើ បានឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពកាលពីថ្ងៃទី១៣-១៥ ខែមីនាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកខ្មែរ រួមមានលោក ខែក ខេមរិន្ទ ជាគ្រូបង្គោល, លោក ទៀង ទីនី និងលោក ស៊ុន បញ្ញា ជាគ្រូជំនួយ ព្រមទាំងកីឡាករ អ៊ុំ សេរីរ័ត្ន ជាគ្រូបង្វឹកអ្នកចាំទី។ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលបន្ទាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងចាប់ផ្ដើមនាថ្ងៃទី២៦ ខែមីនាចុងសប្ដាហ៍នេះ។
គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN U17 Boys’Championship 2026 នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១-២៤ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ីដោយក្រុមជម្រើសជាតិ U17 កម្ពុជា ស្ថិតក្នុងពូល C ជាមួយក្រុមការពារជើងឯកអូស្ដ្រាលី, សិង្ហបុរី និងប្រ៊ុយណេ គ្រាដែលពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលB មានហ្វីលីពីន ថៃ ឡាវ និងមីយ៉ាន់ម៉ា៕





