Arsenal ជួបវិបត្តិ ព្រោះកីឡាករសំខាន់ៗ ៦នាក់ មិនជាប់ជម្រើសជាតិ ដោយសាររបួស

24-03-2026 14:06

(បរទេស)៖ ខណៈដែលការប្រកួតលីគត្រូវបានសម្រាក ក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta មានកីឡាករក្នុងឈុតដំបូងដល់ទៅ ៦នាក់ឯណោះមិនបានជាប់ជម្រើសជាតិនានា ដោយសារតែបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករ Gabriel Magalhaes របស់ប្រេស៊ីល មានរបួសជង្គង់ស្ដាំ ក្រោយប្រកួតចាញ់ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ League Cup 2025-26 គ្រាដែលមិត្តរួមក្រុម William Saliba ក៏ដកខ្លួនពីក្រុមជម្រើសជាតិមាន់គកបារាំងផងដែរ។

ជាមួយគ្នានោះ Eberechi Eze របស់តោកំណាចអង់គ្លេស មានបញ្ហារបួសសាច់ដុំកំភួនជើង ក្រោយជួយ Bayer Leverkusen លេងនៅពានអឺរ៉ុប UEFA Champions League 2025-26 នៅពេល Leandro Trossard របស់ប៊ែលហ្សិក មានបញ្ហារបួសក៏មិនអាចជួយជាតិបាន។

ចំណែកឯ Martin Odegaard របស់ន័រវែសវិញ មានបញ្ហារបួសជង្គង់ ស្របពេល Jurrien Timber របស់ទឹកក្រូវហូឡង់ កំពុងសម្រាកព្យាបាលរបួសនៅឡើយ។

គួរបញ្ជាក់ផងថា នេះជាមេរៀនដ៏ធំសម្រាប់គ្រូបង្វឹកអេស្ប៉ាញ Arteta ក្នុងការដឹកនាំ Arsenal ដ្បិតកីឡាករ Ben White ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជំនួស Eze ដែលនេះបង្ហាញថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ក៏កំពុងផ្ដោតលើកីឡាករ Arsenal ខ្លាំងដែរ៕