ECB ព្យាករណ៍ថា AI អាចជួយជំរុញកំណើនផលិតភាពសេដ្ឋកិច្ចតំបន់អឺរ៉ុបដល់ទៅ ៤% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ

24-03-2026 14:11

(បរទេស)៖ លោក Philip Lane ប្រធានសេដ្ឋវិទូនៃធនាគារកណ្តាលអឺរ៉ុប (ECB) បានលើកឡើងនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា បញ្ញាសិប្បនិម្មិត (AI) អាចនឹងជួយបង្កើនកំណើនផលិតភាពសេដ្ឋកិច្ចតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូបានជាង ៤ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា បញ្ហាវិបត្តិថាមពលដែលអូសបន្លាយ អាចនឹងធ្វើឱ្យដំណើរការនេះមានភាពយឺតយ៉ាវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ទោះបីជាបច្ចុប្បន្ន ECB កំពុងផ្ដោតខ្លាំងលើជម្លោះនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់លើអតិផរណា ប៉ុន្តែលោក Lane បានសង្កត់ធ្ងន់ថា AI គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជោគវាសនាសេដ្ឋកិច្ចរយៈពេលវែងរបស់តំបន់អឺរ៉ុប។ នៅក្នុងសន្និសីទរបស់ ECB លោក Lane បានពន្យល់ថា ផលចំណេញពី AI នឹងប្រែប្រួលទៅតាមល្បឿននៃការរីករាលដាលនៃបច្ចេកវិទ្យានេះ៖
* បើសន្ទុះដូចអ៊ីនធឺណិត៖ ប្រសិនបើការប្រើប្រាស់ AI មានល្បឿនដូចការរីកចម្រើននៃប្រព័ន្ធអ៊ីនធឺណិតកាលពីមុន វានឹងជួយបង្កើនផលិតភាពបន្ថែមយ៉ាងហោចណាស់ ១.៥ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំ។
* បើសន្ទុះដូចបច្ចុប្បន្ន៖ ប្រសិនបើការអនុវត្ត AI បន្តក្នុងល្បឿនដូចសព្វថ្ងៃ ហើយគ្របដណ្តប់យ៉ាងហោចណាស់ពាក់កណ្តាលនៃសេដ្ឋកិច្ចទាំងមូល នោះកំណើនអាចនឹងកើនឡើងលើសពី ៤ ភាគរយ។

លោក Philip Lane បាននិយាយថា «ផលប៉ះពាល់ដ៏ធំបំផុតនឹងកើតមានឡើង ប្រសិនបើ AI ជួយជំរុញល្បឿននៃការបង្កើតថ្មី (Innovation) ដែលវានឹងមិនត្រឹមតែបង្កើនកម្រិតផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងទៀតផង»។ ទោះបីជាមានសក្តានុពលខ្លាំង ប៉ុន្តែលោក Lane បានបង្ហាញពីកង្វល់មួយចំនួន គឺតម្លៃថាមពល ដោយការបង្កើតម៉ូឌែល AI ថ្មីៗត្រូវការថាមពលអគ្គិសនីខ្ពស់ណាស់។ បើតម្លៃប្រេងឥន្ធនៈនៅតែខ្ពស់ វានឹងរារាំងដល់ការអភិវឌ្ឍ និងការយក AI មកប្រើប្រាស់។ បច្ចុប្បន្ន មានតែ ៣% ប៉ុណ្ណោះនៃប៉ាតង់ (Patent) ពាក់ព័ន្ធនឹង AI ជារបស់តំបន់អឺរ៉ុប ខណៈដែលសហរដ្ឋអាមេរិកមានរហូតដល់ ៩%។ តំបន់អឺរ៉ុបត្រូវចំណាយប្រាក់ជិត ២៥០ ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំ សម្រាប់បង់ថ្លៃសិទ្ធិប្រើប្រាស់ប៉ាតង់ឱ្យបរទេស (ភាគច្រើនគឺសហរដ្ឋអាមេរិក) ដែលនេះបង្ហាញថាអឺរ៉ុបកំពុងពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យានាំចូល។

ជាចុងក្រោយ លោកបានផ្តល់អនុសាសន៍ថា ដើម្បីទាញយកសក្តានុពលពី AI ឱ្យបានពេញលេញ តំបន់អឺរ៉ុបត្រូវតែធានាឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានទូលំទូលាយ គាំទ្រដល់ក្រុមហ៊ុនខ្នាតតូចក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងវិនិយោគលើជំនាញឌីជីថលដល់កម្លាំងពលកម្ម៕