XPENG ត្រៀមបញ្ចេញរថយន្តអគ្គិសនីធុនមធ្យមស៊េរីថ្មី "LISA" រត់បាន ៦០០គីឡូម៉ែត្រ បន្ទាប់ពីជោគជ័យខ្លាំងលើម៉ូឌែល MONA M03
24-03-2026 14:42
(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ចិន XPENG កំពុងត្រៀមលក្ខណៈបញ្ចេញរថយន្តអគ្គិសនីម៉ូឌែលថ្មីមួយទៀត ដែលត្រូវបានគេរំពឹងថាមានឈ្មោះ "LISA" គឺ Xpeng Mona D02 ដើម្បីបន្តជោគជ័យបន្ទាប់ពីម៉ូឌែល MONA M03។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Car News China នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។
រថយន្តស៊េរីថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង (Spy shots) នេះ មានកូដសម្គាល់ថា D02 ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ២០២៦ នេះ ។ ហើយអ្វីដែលកាន់តែពិសេសនោះ ឈ្មោះ "LISA" ត្រូវបានគេចាត់ទុកថាជាការបង្កប់ន័យដ៏ឆ្លាតវៃ ដោយកាលណាដាក់បញ្ចូលគ្នាជាមួយម៉ូឌែល "MONA" វានឹងក្លាយជាឈ្មោះ "MONALISA" តែម្តង។
លក្ខណៈពិសេសរបស់ម៉ូឌែលថ្មីនេះត្រូវបានរចនាឡើងជារថយន្តប្រភេទ SUV ខ្នាតតូចដែលមានរូបរាងបែបស្ព័រ (Coupe-SUV) និងមានដំបូលកញ្ចក់ Panoramic យ៉ាងស្រស់ស្អាត។ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធបើកបរវៃឆ្លាត (Pure vision-based ADAS) ដែលមិនប្រើ LiDAR ប៉ុន្តែមានសមត្ថភាពខ្ពស់ក្នុងការបើកបរក្នុងទីក្រុង។ ប្រើប្រាស់អាគុយប្រភេទ LFP Blade Battery ដែលអាចបើកបរបានចម្ងាយជិត ៦០០គីឡូម៉ែត្រ ក្នុងការសាកម្តង ដោយរត់លើកម្លាំងម៉ាស៊ីន ២១៥សេះ (160 kW)។
ជាមួយគ្នានេះអ្នកជំនាញយានយន្តបានលើកឡើងថា ការបញ្ចេញម៉ូឌែល "LISA" នេះ គឺជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន XPENG ក្នុងការវាយលុកទីផ្សាររថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ ប៉ុន្តែបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងធំៗនៅលើពិភពលោក។
សូមជម្រាបផងថា បច្ចុប្បន្ន ក្រុមហ៊ុន XPENG មិនទាន់បញ្ជាក់ពីតម្លៃផ្លូវការនៅឡើយទេ ប៉ុន្តែស្ថិតក្នុងគម្រោងនេះត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហាក់ប្រហែលនឹងម៉ូឌែល MONA M03 ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ខណៈរថយន្ត Mona M03 ប្រភេទ Sedan មានតម្លៃចាប់ពី 119,800 ដល់ 139,800 យន់ (17,400 ដល់ 20,300 ដុល្លារអាមេរិក) ហើយយោងតាម CarNewsChina បានប៉ាន់ប្រមាណថារថយន្ត Mona D02 ប្រភេទ SUV ក៏អាចមានតម្លៃប្រកួតប្រជែងប្រហែល 150,000 យន់ (21,700 ដុល្លារអាមេរិក)៕



