Alibaba បញ្ចេញបន្ទះឈីបកម្លាំងខ្លាំងបំផុតក្នុងលោក ដើម្បីគ្រប់គ្រងពិភព AI ជំនាន់ថ្មី

24-03-2026 15:54

(ប​រទេស)៖ ក្រុមហ៊ុនយក្ស Alibaba បានធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសដាក់បង្ហាញបន្ទះឈីបជំនាន់ថ្មី XuanTie C950 ទំហំ ៥ ណានូម៉ែត្រ ដែលត្រូវបានគេប្រសិទ្ធនាមថាជា «បន្ទះឈីបដែលមានសមត្ថភាពខ្ពស់បំផុតក្នុងលោក» ក្នុងចំណោមឈីបដែលប្រើរចនាសម្ព័ន្ធ open-source (RISC-V)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤​​ ខែមីនា​ ឆ្នាំ២០២៦។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បន្ទះឈីបថ្មីនេះមានល្បឿនលឿនជាងជំនាន់មុនរហូតដល់ទៅ ៣ ដង។ ការផលិតឈីបដ៏មានឥទ្ធិពលនេះ គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់ Alibaba ក្នុងការរុញច្រានបច្ចេកវិទ្យា Agentic AI ដែលជាប្រព័ន្ធ AI វៃឆ្លាតបំផុត អាចសម្រេចចិត្ត និងដោះស្រាយការងារស្មុគស្មាញក្នុងអាជីវកម្មជំនួសមនុស្សដោយស្វ័យប្រវត្តិ។

ស្របពេលជាមួយគ្នានេះ Alibaba ក៏បានដាក់ឱ្យដំណើរការ platform ថ្មីឈ្មោះ Wukong (សម្រាប់ទីផ្សារចិន) និង Accio Work (សម្រាប់អន្តរជាតិ)។ ឧបករណ៍ទាំងនេះត្រូវបានរចនាឡើងដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យអាចដើរទាន់សម័យកាល AI ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការគ្រប់គ្រងប្រតិបត្តិការងារប្រចាំថ្ងៃ ដែលជួយកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញបានយ៉ាងមានប្រសិទ្ធភាព។

ទោះបីជា Alibaba មិនបានបង្ហាញឈ្មោះរោងចក្រដែលជាអ្នកផលិតឈីបទំហំ ៥ ណានូម៉ែត្រនេះក៏ដោយ ប៉ុន្តែវាគឺជាសញ្ញាព្រមានមួយទៅកាន់ពិភពលោកថា ចិនកំពុងពង្រឹងឯករាជ្យភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួនកាន់តែខ្លាំង។ ការវិនិយោគលើឈីបស៊េរី XuanTie តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ T-Head នេះ នឹងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) និងជាការបើកទំព័រថ្មីនៃបដិវត្តន៍ AI ដែលនឹងផ្លាស់ប្តូររបៀបធ្វើការងាររបស់មនុស្សជាតិក្នុងពេលដ៏ខ្លីខាងមុខ៕