ទីលានបាល់ទាត់ស្តង់ដារ ក្រាលស្មៅធម្មជាតិ តម្លៃប្រមាណ ១០មុឺនដុល្លារ នឹងលេចជារូបរាងនៅដើមឆ្នាំ២០២៧ លើទឹកដីខេត្តត្បូងឃ្មុំ

24-03-2026 22:24

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាល់ទាត់ ក្នុងកីឡដ្ឋានខេត្តត្បូងឃ្មុំ មានទីតាំងនៅក្បែរសាលាខេត្ត ក្នុងទីរួមខេត្តត្បូងឃ្មុំ និងពិធីបើកការប្រកួតកីឡាបាល់ទះ និងប៊ូល-ប៉េតង់ ពានរង្វាន់មិត្តភាពបុគ្គលិកអប់រំ លើកទី១។

ក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានធ្វើការដុតប្រទីបក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ទីលានបាល់ទាត់ខេត្តត្បូងឃ្មុំ តាមទំនៀមទំលាប់ តាមបែបសាសនា។ តាមគម្រោង ការសាងសង់រួចរាល់ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។

បើតាមការឱ្យដឹងពីលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កន្លងមកគ្រប់ការប្រកួតកីឡាគ្រប់ប្រភេទនៅថ្នាក់ខេត្ត និងព្រឹត្តិការណ៍កីឡាធំៗ គឺយើងរៀបចំការប្រកួតនៅតាមបណ្តាក្រុង ស្រុក និងតារាងបាល់ទាត់សាលាតម្រង់ទិសនៅតាមវិទ្យាល័យ ដែលពេលខ្លះការប្រកួតយូរថ្ងៃរំខានដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងផ្តល់ភាពលំបាលសម្រាប់ប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡាមកពីបណ្តាក្រុង ស្រុក ដទៃទៅទស្សនា។

លោក ផាត សុខសាន្ត បានបន្តថា ហេតុនេះទើបដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញពីសំណាក់ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានឱ្យមន្ទីរអប់រំពិនិត្យលទ្ធភាព រៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រភេទកីឡាសំខាន់ៗ ជាជំហានៗ ដែលអាចបម្រើឱ្យការប្រកួតកីឡាថ្នាក់ខេត្ត និងព្រឹត្តិការណ៍សំខាន់ៗបាន។

លោក ផាត សុខសាន្ត បានថ្លែងថា ដូចនៅក្នុងថ្ងៃនេះផងដែរ គឺយើងបានរៀបចំពិធីបើកការប្រកួតកីឡាបាល់ទះ និងប៊ូល-ប៉េតង់ ពានរង្វាន់មិត្តភាពបុគ្គលិកអប់រំ លើកទី១ ដែលជាការបង្ហាញភាពវិជ្ជមានផងដែរសម្រាប់កីឡដ្ឋានខេត្តត្បូងឃ្មុំថ្មីនេះ។

ការសាងសង់ជំហ៊ានដំបូងសម្រេចបាន តារាងបាល់ទះ និងប៉េតង់ រួមនឹងបន្ទប់ទឹកចំនួន៤ និងឃ្លាំងដាក់សម្ភារៈ ហើយនឹងខិតខំអភិវឌ្ឍផ្នែកតារាងបាល់បោះ និងអត្តពលកម្ម និងវាយសីជាជំហ៊ានៗបន្តទៀត។

លោក ផាត សុខសាន្ត បានគូសបញ្ជាក់ថា ចំណែកឯការសាងសង់តារាងបាល់ទាត់វិញគឹយើងនិងដាំស្មៅធម្មជាតិខ្នាតស្តង់ដារ ប្រវែង១០៥ គុណ៦៨ម៉ែត្រ តម្លៃជិត១០ម៉ឺនដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងអាចប្រើប្រាស់បាននៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

ក្នុងឱកាសនោះអភិបាលខេត្តត្បូងឃ្មុំ បានសាទរចំពោះសមិទ្ធផលដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តសម្រេចបាន ព្រមទាំងគាំទ្រឱ្យមានការរៀបចំព្រឹត្តការកីឡាប្រកួតនាពេលនេះ។

លោកអភិបាលខេត្ត បានចាត់ទុកថា ការប្រកួតកីឡា គឺជាប្រកួតប្រជែងសម្ថភាព និងទេពកោសល្យ ក្នុងការប្រកួតតែទោះជាយ៉ាងណាសូមឱ្យការប្រកួតប្រជែងក្នុងការប្រកួត និងមិនបង្កទៅជាការគុំកួនស្អប់គ្នានៅខាងក្រៅការប្រកួតឡើយ។

លោក ប៉ែន កុសល្យ បានផ្តាំផ្ញើឱ្យអត្តពលិកទាំងអស់ ខិតខំឱ្យអស់សម្ថភាពដើម្បីទទួលបានជ័យជំនះ និងពានរង្វាន់ជូនក្រុមរបស់ខ្លួន ស្របតាមពាក្យស្លោក «កីឡានាំមកនូវសុខភាព និងសាមគ្គីភាព» និង «កីឡារស់ប្រកបដោយសុខដុមរមនាសង្គមក្រោមម្លប់សន្តិភាព»៕