Broadcom ព្រមានថា រោងចក្រផលិតឈីបធំបំផុតក្នុងលោក TSMC កំពុងជួបបញ្ហាផលិតមិនទាន់
25-03-2026 09:52
(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីបយក្ស Broadcom បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីកង្វះខាតការផ្គត់ផ្គង់នៅក្នុងវិស័យបច្ចេកវិទ្យា ដោយសារតែតម្រូវការឈីប AI កើនឡើងខ្លាំងពេក។ លោក Natarajan Ramachandran នាយកផ្នែកទីផ្សាររបស់ Broadcom បានប្រាប់អ្នកសារព័ត៌មានថា សូម្បីតែក្រុមហ៊ុនផលិតឈីបលេខ១ លើលោកគឺ TSMC ក៏កំពុងឈានដល់ដែនកំណត់នៃសមត្ថភាពផលិតរបស់ខ្លួនដែរ។ លោកបានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន សមត្ថភាពផលិតរបស់ TSMC ហាក់ដូចជា «មិនចេះរីងស្ងួត» ប៉ុន្តែបច្ចុប្បន្នវាបានក្លាយជា «ឧបសគ្គដ៏ចម្បង» ដែលធ្វើឱ្យរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពេញមួយឆ្នាំ ២០២៦ នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់បន្ទះឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាលដាលដល់គ្រឿងបន្លាស់សំខាន់ៗផ្សេងទៀត ដូចជាបច្ចេកវិទ្យា Laser និងបន្ទះសៀគ្វី (PCBs) ដែលជាបេះដូងនៃឧបករណ៍អេឡិចត្រូនិច។ លោក Ramachandran បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់បន្ទះសៀគ្វីទាំងនៅតៃវ៉ាន់ និងចិន សុទ្ធតែជួបប្រទះការផលិតមិនទាន់តម្រូវការ ដែលជាបញ្ហា «នឹកស្មានមិនដល់» និងនាំឱ្យការដឹកជញ្ជូនទំនិញត្រូវពន្យារពេលកាន់តែយូរជាងមុន។
ដើម្បីដោះស្រាយបញ្ហានេះ អតិថិជនធំៗកំពុងប្តូរយុទ្ធសាស្ត្រពីការទិញដូរធម្មតា មកជាការធ្វើកិច្ចសន្យារយៈពេលវែងចន្លោះពី ៣ ទៅ ៥ ឆ្នាំវិញ ដើម្បីធានាថាពួកគេនឹងមានទំនិញប្រើប្រាស់ជាប្រចាំ។ ជាក់ស្តែង ក្រុមហ៊ុនផលិតឈីបអង្គចងចាំ Samsung Electronics ក៏បានចាប់ផ្តើមអនុវត្តវិធីសាស្ត្រនេះដែរ ដើម្បីការពារខ្លួនពីការប្រែប្រួលនៃទីផ្សារ និងធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ជូនអតិថិជន។
គួរជម្រាបថា ការកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅពេលនេះ គឺជាសញ្ញាអាសន្នមួយដែលបង្ហាញថា សន្ទុះនៃការរីកចម្រើនផ្នែក AI កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពផលិតរបស់រោងចក្របច្ចេកវិទ្យាជុំវិញពិភពលោក។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត វាអាចនឹងធ្វើឱ្យតម្លៃឧបករណ៍បច្ចេកវិទ្យាមានការប្រែប្រួល ឬមានការខ្វះខាតទំនិញនៅលើទីផ្សារនាពេលខាងមុខ៕









