របកគំហើញថ្មី៖ អ្នកវិទ្យាសាស្ត្រជប៉ុនកំពុងសិក្សាពីវិធីសាស្ត្រដែលអាចពន្យារអាយុជីវិតមនុស្សឱ្យរស់បានរហូតដល់ ២៥០ ឆ្នាំ

25-03-2026 10:10

(បរទេស)៖ ការអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីសំណាក់ក្រុមអ្នកស្រាវជ្រាវជប៉ុន កំពុងបង្កឱ្យមានការជែកដេញដោលយ៉ាងខ្លាំងពាសពេញពិភពលោក។ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សាលើ Protocol ថ្មីមួយ ដែលអាចមានលទ្ធភាពពន្យារអាយុជីវិតមនុស្សឱ្យរស់បានរហូតដល់ទៅ ២៥០ ឆ្នាំ ដែលជាការបំបែកកំណត់ត្រានៃដែនកំណត់ជីវសាស្ត្រដែលយើងធ្លាប់គិតថាជាទៅមិនរួច។

វិធីសាស្ត្រនេះផ្តោតសំខាន់ទៅលើចំណុចគន្លឹះចំនួន ៣ រួមមាន ទី១ ការបង្អង់ដំណើរការចាស់ទៅនៃកោសិកា, ទី២ ការជួសជុលការខូចខាត DNA និងទី៣ ការបង្កើនប្រសិទ្ធភាពនៃការថែទាំខ្លួនប្រាណ ឱ្យបានល្អប្រសើរជាងមុន។

តាមរយៈការកំណត់គោលដៅទៅលើឫសគល់នៃភាពចាស់ក្នុងកម្រិតមីក្រូទស្សន៍ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា គេអាចពន្យារពេលនៃការពុកផុយនៃសរីរាង្គតាមវ័យ និងជួយឱ្យរាងកាយរក្សាមុខងារបានយូរអង្វែងជាងមុន។

ការពិភាក្សាដំបូងៗបានលើកឡើងពីតួនាទីយ៉ាងសំខាន់នៃ បច្ចេកវិទ្យាជីវសាស្ត្រកម្រិតខ្ពស់ រួមមានឱសថបង្កើតកោសិកាថ្មី និងការកំណត់កម្មវិធីកោសិកាឡើងវិញ ។ វិធីសាស្ត្រទាំងនេះមានគោលបំណង «ធ្វើឱ្យកោសិកាដែលចាស់ត្រឡប់មកថ្មីវិញ» និងពង្រឹងប្រព័ន្ធរាងកាយទាំងមូលឱ្យដំណើរការបានកាន់តែប្រសើរ។

ទោះបីជាការសិក្សានេះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយក្តី ប៉ុន្តែគំនិតនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាមានសក្តានុពលក្នុងការផ្លាស់ប្តូរវិស័យថែទាំសុខភាព និងវិទ្យាសាស្ត្រអាយុយឺនយូរ នាពេលអនាគត។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញនៅតែបន្តសង្កត់ធ្ងន់ថា យើងត្រូវការភស្តុតាងបន្ថែមទៀតដើម្បីបញ្ជាក់ពីលទ្ធផលនេះ។ ប្រសិនបើត្រូវបានគេបង្ហាញថាជាការពិត របកគំហើញនេះនឹងកំណត់និយមន័យថ្មីនៃជីវិតមនុស្សជាតិ ដោយបើកទ្វារទៅកាន់អនាគតមួយដែលការរស់នៅបានយូរ និងមានសុខភាពល្អ ក្លាយជាការពិតសម្រាប់គ្រប់គ្នា។

តើការរស់បានដល់ ២៥០ ឆ្នាំ ពិតជាអាចទៅរួចដែរឬទេ? បច្ចុប្បន្នវាគឺជា «លទ្ធភាពតាមទ្រឹស្តី» ដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សា។ វាត្រូវការការពិសោធន៍ និងភស្តុតាងជាក់ស្តែងបន្ថែមទៀតមុននឹងអាចសន្និដ្ឋានបាន។

តើការរស់បានយូរនេះមានន័យថា រស់ទាំងឈឺថ្កាត់មែនទេ? គោលដៅចម្បងនៃការស្រាវជ្រាវនេះ គឺមិនមែនត្រឹមតែឱ្យរស់បានយូរប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីឱ្យរាងកាយនៅមានសុខភាពល្អ និងរឹងមាំ ទោះបីជាមានអាយុច្រើនក៏ដោយ៕