CPL បង្កើតពាន U14 ឲ្យក្រុមសមាជិកលីគកំពូលកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌ AFC និងលេងពានអន្ដរជាតិ

25-03-2026 11:22

(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៤ឆ្នាំ (CPL Cares Cup U-14) ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនា ចុងសប្ដាហ៍នេះ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ដើម្បីឲ្យក្រុមសមាជិកលីគកំពូលកម្ពុជា បានចូលរួម និងបំពេញលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ហើយមានសិទ្ធលេងពានរង្វាន់អន្ដរជាតិ។

យោងតាមគណៈកម្មការរៀបចំពានរង្វាន់យុវជននេះ បានឲ្ដឹងថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា (AFC) ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី»។

ទន្ទឹមជាមួយការបង្កើតពានយុវជន U14 លើកដំបូងនេះដែរ ក្នុងចំណោមសមាជិកលីគកំពូលកម្ពុជាទាំង ១១ក្លិប គឺមាន ១០ក្លិប ដែលបានបញ្ជូនយុវជនថ្នាលរបស់ខ្លួនចូលរួម គឺមានសមាគមកីឡាបាល់ទាត់កងយោធពលភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វខេត្តព្រះសីហនុ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែល CPL បានរៀបចំការប្រកួតនេះឡើយ ស្របតាមនិយាមរបស់អន្ដរជាតិ ពិសេសសម្រាប់ក្លិប ក្នុងការស្នើសុំអាជ្ញាបណ្ណក្លិបអន្ដរជាតិ។ ចំពោះការប្រកួតក្របខណ្ឌយុវជននេះដែរ ពុំតម្រូវឲ្យមានការទិញ-លក់សំបុត្រឡើយ ដោយអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ក្នុងមួយថ្ងៃ មានចំនួន ៨ប្រកួត នៅទីលានហ្វឹកហាត់ក្លិបភ្នំពេញក្រោន តែមួយគត់៕