សាលារៀនវ៉េស្ទឡាញន៍ ត្រៀមអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកចក្រភពអង់គ្លេសនៅឆ្នាំសិក្សាខាងមុខ
25-03-2026 14:03
(ភ្នំពេញ)៖ វេសឡាញ អេឌ្យូខេសិន គ្រុប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ការអនុវត្តកម្មវិធីសិក្សា Pearson Edexcel» ជូនដល់គណនាយកសាលារៀនវ៉េស្ទឡាញន៍ទាំង១៦សាខា ដើម្បីត្រៀមលក្ខណៈឱ្យបានពេញលេញក្នុងការអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិមួយនេះនៅឆ្នាំសិក្សាខាងមុខនេះ។
សិក្ខាសាលានេះក៏ធានាថា រាល់ការគ្រប់គ្រង អនុវត្ត និងការបង្រៀននៅក្នុងសាលារៀននីមួយៗ ស្របតាមបទដ្ឋានអន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលផ្តល់នូវគុណប្រយោជន៍ខ្ពស់បំផុតដល់សិស្សានុសិស្ស។
កម្មវិធីសិក្សារបស់ Pearson Edexcel ផ្តោតសំខាន់លើចំណេះទូទៅភាសាអង់គ្លេសតាមរយៈវិធីសាស្ត្របង្រៀនបែបទំនើប និងសតវត្សទី២១ ដែលជំរុញលើការគិតបែបវិភាគ និងការដោះស្រាយបញ្ហា។ សញ្ញាបត្រពី Pearson Edexcel ត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដែលផ្តល់ឱកាសអប់រំដ៏ទូលំទូលាយ និងបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សានៅក្រៅប្រទេសបានយ៉ាងងាយស្រួល។
Pearson Edexcel គឺជាស្ថាប័នផ្តល់កម្មវិធីសិក្សាអន្តរជាតិ និងរៀបចំការប្រឡងអន្តរជាតិដែលមានស្តង់ដារខ្ពស់ និងត្រូវបានទទួលស្គាល់ជាសកល ហើយក៏ជាផ្នែកមួយនៃ Pearson PLC ដែលជាក្រុមហ៊ុនអប់រំឈានមុខមួយក្នុងពិភពលោក មានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងមានប្រវត្តិជាង ១៧៥ឆ្នាំក្នុងវិស័យអប់រំ ដោយបានអភិវឌ្ឍប្រព័ន្ធអប់រំអន្តរជាតិ (GCSE, A-Level) ការប្រឡង និងសញ្ញាបត្រដែលមានគុណភាពខ្ពស់សម្រាប់សិស្សនៅជុំវិញពិភពលោក ដែលជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការនាំយក Pearson Edexcel មកកាន់សាលារៀនវ៉េស្ទឡាញន៍គឺការធ្វើទំនើបកម្មកម្មវិធីសិក្សាតាមប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ និងក្លាយជាចំណុចរបត់ថ្មីមួយសម្រាប់វិស័យអប់រំឯកជនក្នុងប្រទេសកម្ពុជា ដោយបញ្ចូលគ្នានូវកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីកសាងធនធានមនុស្សប្រកបដោយសក្ដានុពល៕











