តើមកពីបាត់បង់អត្តសញ្ញាណចាស់មែនទេ? ក្រុមហ៊ុនឡានអគ្គិសនី Smart កំពុងវិលមុខរឿងឡានស៊េរីថ្មីទំហំធំលក់មិនដាច់ដូចស៊េរីតូច

25-03-2026 17:38

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Smart ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mercedes-Benz និង Geely កំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ក្នុងការលក់រថយន្តម៉ូឌែលប្រណិតថ្មីៗ បើទោះបីជាព្យាយាមពង្រីកខ្លួនពីការផលិតរថយន្តខ្នាតតូចក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបច្ចេកវិទ្យារថយន្ត CarNewsChina នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូឌែលថ្មីៗមានដូចជា Smart #3 និង Smart #5 ដែលមានតួខ្លួនធំ គឺមិនសូវទទួលបានការគាំទ្រខ្លាំងដូចការរំពឹងទុកនោះទេ បើធៀបទៅនឹងកេរ្តិ៍ឈ្មោះរថយន្តខ្នាតតូចដែល Smart ធ្លាប់មានពីមុន។ បញ្ហានេះបានធ្វើឱ្យរថយន្តជាច្រើនគ្រឿង កកស្ទះនៅក្នុងស្តុករបស់តំណាងចែកចាយ (Dealers) កាន់តែច្រើនឡើងៗ។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការបង្ខំចិត្តបញ្ចេញស្តុក (Inventory Dumping) ក៏ដោយសារតែរថយន្តលក់មិនដាច់ ហើយតំណាងចែកចាយមួយចំនួនបានចាប់ផ្តើមបញ្ចុះតម្លៃយ៉ាងគំហុក ដែលត្រូវបានគេយល់ថាជាការប្រើប្រាស់វិធីសាស្ត្រ (ជម្រុះស្តុក) ដើម្បីសម្រាលបន្ទុកការចំណាយ និងយកដើមទុនមកវិញ។

ស្ថិតក្នុងការប្រកួតប្រជែងខ្លាំងលើទីផ្សាររថយន្តអគ្គិសនី (EV) បច្ចុប្បន្នមានការប្រកួតប្រជែងខ្ពស់ ជាពិសេសនៅប្រទេសចិន ដែលមានម៉ាកយីហោក្នុងស្រុកជាច្រើនដែលផ្តល់ជម្រើសល្អជាង និងតម្លៃសមរម្យជាង។
ដែលធ្វើឱ្យបាត់បង់អត្តសញ្ញាណ ហើយត្រូវបានអ្នកវិភាគលើកឡើងថា អតិថិជននៅតែចងចាំ Smart ថាជា «ឡានតូចសម្រាប់ទីក្រុង» ដូច្នេះនៅពេលក្រុមហ៊ុនងាកមកផលិតឡាន SUV ទំហំធំ វាធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តទិញរបស់អ្នកប្រើប្រាស់ទៅវិញ ។

យ៉ាងណាមិញ មកទល់ពេលនេះ ខាងក្រុមហ៊ុន Smart នៅមិនទាន់មានការឆ្លើយតបជាផ្លូវការជុំវិញរបាយការណ៍នៃការធ្លាក់ចុះការលក់ និងវិបត្តិតំណាងចែកចាយនេះនៅឡើយទេ ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យឧស្សាហកម្មរថយន្តយល់ឃើញថា ក្រុមហ៊ុន Smart ត្រូវការយុទ្ធសាស្ត្រថ្មីជាច្រើន ដើម្បីទាញយកទំនុកចិត្តពីអតិថិជនឡើងវិញ ក្នុងសមរភូមិរថយន្តអគ្គិសនីដ៏មុតស្រួចនេះ៕