រូបរាងដូច Porsche! តើឡានអគ្គិសនី Huawei Aistaland GT7 តម្លៃខ្ទង់ប៉ុន្មាន មានចំណុចពិសេសអ្វីខ្លះ ទើបអាចធ្វើឱ្យក្រុមហ៊ុនឡានអឺរ៉ុបញាក់សាច់បាន?

25-03-2026 17:41

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei សហការជាមួយក្រុមហ៊ុនផលិតរថយន្ត GAC ត្រៀមនឹងអង្រួនទីផ្សាររថយន្តអគ្គិសនីលើពិភពលោកម្តងទៀត តាមរយៈការត្រៀមដាក់បង្ហាញរថយន្តស៊េរីថ្មី Aistaland GT7 ដែលត្រូវបានគេបង្កើតឡើងយកគំរូតាមរថយន្តប្រណីត Porsche Panamera នៅអំឡុងខែមិថុនា ឆ្នាំ២០២៦។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina នាពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា រថយន្ត Aistaland GT7 គឺជាប្រភេទរថយន្តអគ្គិសនីល្បឿនលឿន (Electric Shooting Brake) ដែលមានរូបរាងខាងមុខស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹង Porsche Panamera ជាពិសេស គឺត្រង់រូបរាងចង្កៀងខាងមុខ។

លក្ខណៈពិសេសរបស់ Aistaland GT7 ប្រើប្រាស់ប្រព័ន្ធវ៉ុលខ្ពស់ 800V រួមជាមួយបច្ចេកវិទ្យា LiDAR បំពាក់ដោយសេនស័រ LiDAR ចំនួន ៨៩៦ខ្សែ ដែលធ្វើឱ្យវាមានសមត្ថភាពខ្ពស់ជាងរថយន្តដទៃ ជាបច្ចេកវិទ្យាទំនើបបំផុតរបស់ Huawei ។ ម៉ូឌែលនេះមានកម្លាំងម៉ូទ័រអគ្គិសនីចំនួន ២ និងមានប្រព័ន្ធបូមទំនើប (Active Suspension) ហើយផ្ទៃខាងក្នុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ Huawei និងចង្កៀងមុខ Xpixel ដែលអាចជះពន្លឺសញ្ញាព្រមានសុវត្ថិភាពលើដីបាន ខណៈ Aistaland GT7 មានប្រវែង ៥,០៥០ មីលីម៉ែត្រ ដែលវែងជាងគូប្រជែង Zeekr 001 របស់ក្រុមហ៊ុន Geely ។

លោក Liu Jiaming អគ្គនាយកក្រុមហ៊ុន Aistaland បានបញ្ជាក់ថា រថយន្តនេះបានឆ្លងកាត់ការសាកល្បងយ៉ាងស្វិតស្វាញនៅក្នុងលក្ខខណ្ឌអាកាសធាតុខ្លាំង ចាប់ពី -៣៥ អង្សាសេ រហូតដល់ ៤៦ អង្សាសេ ដើម្បីធានានូវគុណភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ តាមការប៉ាន់ស្មាន រថយន្តនេះនឹងមានតម្លៃប្រហែល ៣០០,០០០ យ័ន (ប្រហែល ៤៣,៥២៥ ដុល្លារអាមេរិក) ដែលជាតម្លៃមួយដ៏មានប្រៀបក្នុងការប្រកួតប្រជែងជាមួយរថយន្តអឺរ៉ុប ។

គួរបញ្ជាក់ផងថា ការឈានជើងចូលទីផ្សាររថយន្តរបស់ Huawei នាពេលនេះ កំពុងធ្វើឱ្យក្រុមហ៊ុនរថយន្តល្បីៗដូចជា Porsche និង BMW មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលម៉ូដែលមុនៗរបស់ Huawei ក៏កំពុងទទួលបានការគាំទ្រលើសលប់នៅក្នុងទីផ្សារប្រទេសចិនផងដែរ៕