ព្រះខ័នរាជ លក់សំបុត្រវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ACGL ២សប្ដាហ៍មុនជួបក្រុម Manila Digger របស់ហ្វីលីពីន

26-03-2026 09:51

(ភ្នំពេញ)៖ នៅសល់រយៈពេល ២សប្ដាហ៍ទៀត នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី (AFC Challenge League-ACGL) ឆ្នាំ២០២៥/២៦ រវាងក្រុមខ្លាំងកម្ពុជា ព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុម Manilia Digger របស់ហ្វីលីពីន ដែលនឹងត្រូវជួបគ្នាជើងទី១ នាថ្ងៃទី០៩ ខែមេសាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជាមួយជំនួបដ៏ទាក់ទាញ ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីបនេះ ក្នុងនាមម្ចាស់ផ្ទះការប្រកួតជើងទី១ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសលក់សំបុត្រតាមអនឡាញជាង ២សប្ដាហ៍មុនការប្រកួតមកដល់ ដោយរក្សាតម្លៃសំបុត្រធម្មតា ៨,០០០រៀលដដែល។ រីឯការប្រកួតជើងទី២ នឹងត្រូវធ្វើនៅទឹកដីហ្វីលីពីនវិញម្ដងនាថ្ងៃទី១៦ ខែមេសាខាងមុខ។

គួរដឹងថា មុនឡើងមកជួបគ្នាជាថ្មី ក្នុងវគ្គដ៏សំខាន់នេះ ព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមរួមជាតិ ភ្នំពេញក្រោន ទាំង ២ជើង ជាមួយលទ្ធផល ៦-២ គ្រាដែលក្រុមហ្វីលីពីន Manila Digger បានទម្លាក់ក្រុមឥណ្ឌូនេស៊ី Dewa United ទាំង ២ជើង ដោយលទ្ធផលទាំងប្រផិតប្រផើយ ៣-២។

ព្រះខ័នរាជស្វាយរៀង និង Manila Digger ធ្លាប់ជួបគ្នាក្នុងវគ្គចែកពូលម្ដងរួចមកហើយ កាលពីខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ ប៉ុន្ដែជំនួបលើកនេះ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក McConkey Matthew ថា អាចនឹងតានតឹងខ្លាំងជាងមុន ព្រោះក្រុមនីមួយៗបាននាំចូលកីឡាករថ្មីៗ និងមានការរៀបចំកាន់តែល្អប្រសើរ តែយ៉ាងណាលោកសង្ឃឹមថា កូនក្រុមនឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីឈានទៅវគ្គបន្ដ៕