CEO ក្រុមហ៊ុន Nvidia និង Meta ត្រូវ Trump តែងតាំងឱ្យចូលក្នុងក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
26-03-2026 10:00
(បរទេស)៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានតែងតាំងលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta, លោក Larry Ellison ប្រធានប្រតិបត្តិក្រុមហ៊ុន Oracle និងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ឱ្យចូលក្នុងក្រុមប្រឹក្សាមួយ ដែលនឹងផ្តល់យោបល់លើគោលនយោបាយបញ្ញាសិប្បនិម្មិត (AI) និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងលោកស្រី Lisa Su នាយកប្រតិបត្តិក្រុមហ៊ុន AMD ក៏ស្ថិតក្នុងចំណោមសមាជិកដំបូងចំនួន ១៣នាក់ មកពីវិស័យឧស្សាហកម្ម ដែលត្រូវបានតែងតាំងក្នុង ក្រុមប្រឹក្សាផ្តល់យោបល់របស់ប្រធានាធិបតីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (PCAST) ផងដែរ។ បើនិយាយពីក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រធានាធិបតី (President's Council of Advisors on Science and Technology ឬហៅកាត់ថា PCAST) របស់សហរដ្ឋអាមេរិក គឺក្រុមអ្នកជំនាញលំដាប់ខ្ពស់មកពីក្រៅរដ្ឋាភិបាល (វិស័យឯកជន និងសាកលវិទ្យាល័យ) ដែលមានភារកិច្ច ផ្តល់ដំបូន្មានដោយផ្ទាល់ដល់ប្រធានាធិបតី លើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងនវានុវត្តន៍។
លោក Trump បានកំណត់យកការធានានូវភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងវិស័យបញ្ញាសិប្បនិម្មិត ជាអាទិភាពចម្បងក្នុងអាណត្តិទីពីររបស់លោក ដោយចាត់ទុកបច្ចេកវិទ្យានេះថា ជាសមរភូមិយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករាឆ្នាំមុន លោកបានណែនាំឱ្យទីភ្នាក់ងារសហព័ន្ធនានារៀបចំ ផែនការសកម្មភាព AI (AI Action Plan) ដែលមានគោលដៅកាត់បន្ថយរបាំងបទប្បញ្ញត្តិ និងពន្លឿនការច្នៃប្រឌិតក្នុងវិស័យឯកជន។ សេតវិមានបានបញ្ជាក់ថា ក្រុមប្រឹក្សានេះត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការប្រកួតប្រជែង AI ជាសកលដែលកំពុងមានភាពខ្លាំងក្លា ហើយចំនួនសមាជិកសរុបអាចនឹងមានរហូតដល់២៤នាក់។ ការតែងតាំងចុងក្រោយនេះ បង្ហាញពីការរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋបាលលោក Trump និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានា។ សមាជិកបន្ថែមទៀតនឹងត្រូវតែងតាំងក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមប្រឹក្សានេះនឹងត្រូវដឹកនាំរួមគ្នាដោយលោក David Sacks ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែក AI និងគ្រីបតូ (Crypto Czar) របស់សេតវិមាន និងលោក Michael Kratsios ទីប្រឹក្សាបច្ចេកវិទ្យា។
លោក Zuckerberg និងក្រុមហ៊ុន Nvidia បានលើកឡើងថា ក្រុមប្រឹក្សានេះនឹងជួយពង្រឹងជំហររបស់សហរដ្ឋអាមេរិកក្នុងវិស័យ AI ខណៈដែលក្រុមហ៊ុន Oracle បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ចំណែកក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេរបស់ Google) និង AMD មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
គួរជម្រាបថា បច្ចុប្បន្ន បញ្ញាសិប្បនិម្មិតបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការវិនិយោគនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុននានាបានសន្យាចំណាយថវិការាប់លានលានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលរដ្ឋបាលលោក Trump កំពុងជំរុញឱ្យមានការបង្កើនល្បឿននៃកំណើនក្នុងវិស័យនេះ៕










