ភ្ញាក់ផ្អើល! Chery ចេញម៉ូឌែល Fulwin T9 សាកថ្មនិងចាក់សាំងពេញ រត់បាន ២,០០០គីឡូម៉ែត្រ តម្លៃនឹកស្មានមិនដល់ បង្កើតសង្គ្រាមតម្លៃអង្រួនទីផ្សាររថយន្តពិភពលោក

26-03-2026 10:52

(ភ្នំពេញ)៖ ទីផ្សាររថយន្តលើពិភពលោកពេលនេះបានងាកមកកាន់ក្រុមហ៊ុន Chery សារជាថ្មី បន្ទាប់ពីក្រុមហ៊ុនលំដាប់របស់ប្រទេសចិនមួយនេះ បានប្រកាសបើកការដាក់លក់សាកល្បង (Pre-sale) នូវកំពូលរថយន្ត SUV ម៉ូឌែល Fulwin T9​ សាំង+អគ្គិសនី ដែលមិនត្រឹមតែជារថយន្តលក្ខខណៈគ្រួសារធម្មតានោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាអនាគត ដែលអាចដោះស្រាយបញ្ហាក្តីបារម្ភលើការបញ្ចូលថាមពល (Range Anxiety) បានយ៉ាងមានប្រសិទ្ធភាពបំផុត។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ CarNewsChina នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ។

ម៉ូឌែល Fulwin T9 បានបំពាក់ប្រព័ន្ធថាមពល Kunpeng Super Hybrid C-DM 6.0 (ជំនាន់ចុងក្រោយ) ជាម៉ូដែលដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ Hybrid ជំនាន់ទី៦ របស់ក្រុមហ៊ុន Chery ដែលមានម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ (Turbo) ដែលមានប្រសិទ្ធភាពកម្ដៅ (Thermal Efficiency) ខ្ពស់បំផុតដល់ ៤៦.៥%​ ហើយបើចាក់សាំងពេញមួយធុង និងសាកថ្មពេញ ដោយម៉ូឌែលឡានមួយនេះអាចរត់បានចម្ងាយសរុបដល់ទៅ ២,០០០ គីឡូម៉ែត្រ (ស្ថិតក្នុងស្តង់ដារ CLTC ប្រទេសចិន)។

ជាមួយការប្រើអគ្គិសនីសុទ្ធ Fulwin T9 សម្រាប់ការធ្វើដំណើរជិតៗក្នុងក្រុង អ្នកប្រើប្រាស់អាចបើកបរដោយមិនប្រើសាំងទាល់តែសោះបានចម្ងាយដល់ ២៣០គីឡូម៉ែត្រ ដែលជាការសន្សំសំចៃខ្លាំងបើទោះបីជាពេលអស់អាគុយ (Battery depleted) ក៏រថយន្តនេះស៊ីសាំងតិចតួចបំផុត គឺត្រឹមតែ ៣.៩លីត្រនៅពេលរត់ ១០០គីឡូម៉ែត្រ តែប៉ុណ្ណោះ។

Fulwin T9 ក៏បំពាក់ទៅជាមួយបច្ចេកវិទ្យាឆ្លាតវៃ រួមផ្សំបន្ទះឈីបកំពូល Snapdragon 8255 ដែលផលិតតាមបច្ចេកវិទ្យា 3nm ដែលផ្តល់ល្បឿនបញ្ជាលឿន និងគាំទ្រមុខងារ AI ស្មុគស្មាញជាច្រើន។ ផ្នែកខាងក្នុងការប៊ីនបំពាក់អេក្រង់បញ្ជាកណ្តាលទំហំ ១៥.៦ អ៊ីញ ស្តង់ដារកម្រិត 2.5K និងមានអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងក្រោយទំហំដល់ទៅ ១៧.៣ អ៊ីញ។ រួមជាមួយប្រព័ន្ធសំឡេងស្ដង់ដារ Hi-Fi ជាមួយឧបករណ៍បំពងសំឡេង Boya ចំនួន ២៣ គ្រាប់ ដែលបង្កើតបរិយាកាសដូចនៅក្នុងសាលប្រគំតន្ត្រីផងដែរ។

ទាក់ទងលក្ខខណ្ឌសុវត្ថិភាព Fulwin T9 បំពាក់ដោយប្រព័ន្ធ LiDAR សម្រាប់ការបើកបរដោយទំនុកចិត្ត និងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ (ADAS) កម្រិតខ្ពស់ រួមទាំងបំពាក់សេនស័រចំនួន ២៧ គ្រាប់ រួមទាំង LiDAR នៅលើដំបូល ដែលអាចស្កេនវត្ថុនៅខាងមុខបានយ៉ាងច្បាស់ ទោះក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ នឹងមានបច្ចេកវិទ្យាអាចបើកបរដោយខ្លួនឯង (City & Highway NOA) ការពារការបុកទង្គិច និងមានប្រព័ន្ធចតឡានដោយស្វ័យប្រវត្តិដ៏ឆ្លាតវៃ។

Fulwin T9 ប្រវែងតួខ្លួនជិត ៤.៩ ម៉ែត្រ និងប្រវែងចន្លោះកង់ ២.៩២ ម៉ែត្រ ធ្វើឱ្យលំហខាងក្នុងធំទូលាយខ្លាំង (មានជម្រើស ៥កៅអី និង ៧កៅអី)។ បំពាក់កៅអី VIP ប្រភេទ Zero-gravity អាចផ្អៀងបានកម្រិតអតិបរមា និងមានមុខងារម៉ាស្សាចំនួន ១០ចំណុច។
និងមានធុងទឹកកកដែលអាចកែសម្រួលសីតុណ្ហភាពបានពី -៦°C ដល់ ៥០°C និងដំបូលកញ្ចក់ Panoramic ទំហំធំដែលការពារកម្តៅថ្ងៃបាន ៩៩%។

រថយន្ត Chery Fulwin T9L ត្រូវបានដាក់លក់សាកល្បងក្នុងតម្លៃចាប់ពី ១៤៦,៩០០ យន់ (ប្រហែល ២០,៣០០ ដុល្លារ) រហូតដល់ម៉ូឌែលខ្ពស់បំផុតតម្លៃ ១៩៣,៩០០ យន់ (ប្រហែល ២៦,៨០០ ដុល្លារ)។
ជាការកត់សម្គាល់ វត្តមានរបស់រថយន្តម៉ូឌែលនេះ គឺត្រូវបានអ្នកជំនាញរថយន្តមើលឃើញថា ជាការប្រកាសសង្គ្រាមតម្លៃលើទីផ្សារ និងវិស័យបច្ចេកវិទ្យាទៅលើគូប្រជែងធំៗ ស្របពេលដែលពិភពលោកកំពុងងាកមកប្រើប្រាស់រថយន្តដែលមានការបំពុលបរិស្ថានតិច និងសន្សំសំចៃខ្ពស់ ក្នុងពេលពិភពលោកជួបវិបត្តិប្រេងសាំងនេះ ៕