Xiaomi បំបែកកំណត់ត្រាថ្មី! លក់ទូរសព្ទជិត ១៧០លានគ្រឿង ខណៈផ្នែករថយន្តអគ្គិសនីចាប់ផ្ដើមរកប្រាក់ចំណេញបានជាលើកដំបូង
26-03-2026 11:29
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Xiaomi បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ឆ្នាំ ២០២៥ ដោយបង្ហាញពីជោគជ័យដ៏ធំធេងទាំងផ្នែកស្មាតហ្វូន និងរថយន្តអគ្គិសនី (EV)។ យោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបាននាំចេញទូរសព្ទឆ្លាតវៃសរុបដល់ទៅ ១៦៥.២ លានគ្រឿង ដែលធ្វើឱ្យ Xiaomi បន្តឈរជើងជាក្រុមហ៊ុនលក់ទូរសព្ទធំជាងគេលំដាប់ទី ៣ លើពិភពលោក រយៈពេល ៥ ឆ្នាំជាប់ៗគ្នា។
អ្វីដែលជាចំណុចពិសេសបំផុតនៅក្នុងឆ្នាំ ២០២៥ គឺការហក់ឡើងនៃផ្នែករថយន្តអគ្គិសនី។ របាយការណ៍បានបញ្ជាក់ថា៖ «ការបោះទុនដ៏ធំលើរថយន្តអគ្គិសនី (EV) កំពុងហុចផលយ៉ាងខ្លាំង»។ ផ្នែករថយន្តរបស់ Xiaomi រកចំណូលបានរហូតដល់ ១០៦.១ ពាន់លានយ័ន (ប្រហែល ១៥.៣៧ ពាន់លានដុល្លារ) ដែលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលចំណូលផ្នែកនេះឆ្លងផុត ១០០ ពាន់លានយ័ន។ លើសពីនេះ ផ្នែករថយន្តដែលធ្លាប់តែចំណាយច្រើន ក៏បានប្រកាសថា «ទទួលបានប្រាក់ចំណេញជាវិជ្ជមានសម្រាប់ពេញមួយឆ្នាំជាលើកដំបូងបំផុត» ក្នុងចំនួន ០.៩ ពាន់លានយ័ន (ប្រហែល ១៣០.៤ លានដុល្លារ)។
សម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៥ រួមមាន៖
* រថយន្តអគ្គិសនី៖ លក់ចេញបានសរុប ៤១១,០៨២ គ្រឿង ដោយម៉ូដែល Xiaomi SU7 គ្រងតំណែងជាឡាន Sedan ដែលលក់ដាច់បំផុតក្នុងកម្រិតតម្លៃលើសពី ២០០,០០០ យ័ន (ប្រហែល ២៩,០០០ ដុល្លារ)។
* ឧបករណ៍ឆ្លាតវៃ៖ ឧបករណ៍ពាក់ជាប់ខ្លួន (Wearables) ដូចជា នាឡិកាឆ្លាតវៃ ឈរនៅលេខ ១ លើពិភពលោក។
* ទីផ្សារអន្តរជាតិ៖ Xiaomi ហក់ឡើងមកឈរនៅលេខ ២ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។
គួរជម្រាបថា សម្រាប់ឆ្នាំ ២០២៦ ខាងមុខ Xiaomi មានមហិច្ឆតាកាន់តែខ្ពស់ ដោយគ្រោងនឹងចែកចាយរថយន្តឱ្យបានដល់ ៥៥០,០០០ គ្រឿង។ យុទ្ធសាស្ត្រងាកទៅរកផលិតផលកម្រិតខ្ពស់ (Premium) និងការសម្រុកវិនិយោគលើបច្ចេកវិទ្យាអនាគត បានធ្វើឱ្យ Xiaomi ក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយដែលមិនអាចមើលរំលងបាន ទាំងក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មយានយន្ត៕












