ឡានអគ្គិសនី Nio ES9 បង្ហាញខ្លួនកក្រើកផ្លូវសាធារណៈ ត្រៀមដណ្ដើមរាជ្យពីកំពូលរថយន្តអឺរ៉ុប មានបំពាក់បច្ចេកវិទ្យាប្រព័ន្ធភ្លើងដ៏ទំនើបមួយ
26-03-2026 12:27
(បរទេស)៖ រថយន្តអគ្គិសនីម៉ូដែល Nio ES9 ដែលត្រូវបានគេស្គាល់ថាជាប្រភេទរថយន្ត SUV ខ្នាតធំបំផុតរបស់ប្រទេសចិន ត្រូវបានគេប្រទះឃើញបើកបរនៅលើដងផ្លូវសាធារណៈក្នុងអំឡុងពេលថតវីដេអូផ្សព្វផ្សាយ ដោយត្រូវបានអ្នកតាមដានទីផ្សាររថយន្តយល់ថា គឺជាសញ្ញាបង្ហាញថា កំពូលរថយន្តលំដាប់ Flagship មួយម៉ូឌែលនេះ ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ CarNewsChina នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ។
រថយន្តស៊េរីថ្មី Nio ES9 មានទំហំធំជាងរថយន្តស៊េរីមុនៗ និងគូប្រជែងជាច្រើន ដោយមានប្រវែងតួខ្លួន ៥,៣៦៥ មីលីម៉ែត្រ (៥.៣៧ ម៉ែត្រ) ទទឹងប្រវែង ២,០២៩ មីលីម៉ែត្រ និងកម្ពស់ ១,៨៧០ មីលីម៉ែត្រ និងប្រវែងចន្លោះកង់មុខទៅកង់ក្រោយ (Wheelbase) ៣,២៥០ មីលីម៉ែត្រ ដោយមានការប្រៀបធៀបថា ម៉ូឌែលនេះមានប្រវែងវែងជាងរថយន្តទំនើប Rolls-Royce Cullinan ទៅទៀត ដែលធ្វើឱ្យវាក្លាយជារថយន្ត SUV អគ្គិសនីផលិតក្នុងស្រុកធំបំផុតនៅចិន។
ទាក់ទងជាមួយប្រព័ន្ធថាមពល និងការបើកបរ (Performance) Nio ES9 មិនត្រឹមតែធំនោះទេ ប៉ុន្តែមានកម្លាំងម៉ាស៊ីនក៏ខ្លាំងមិនធម្មតាដែរ ដោយបំពាក់មកជាមួយម៉ូទ័រភ្លោះ (Dual-Motor AWD) ជាមួយម៉ូទ័រមុខមានកម្លាំង១៨០ គីឡូវ៉ាត់ និងម៉ូទ័រក្រោយកម្លាំង ៣៤០ គីឡូវ៉ាត់ អាចផ្តល់កម្លាំងសរុបដល់ទៅ ៥២០ គីឡូវ៉ាត់ (៦៩៧ សេះ) ជាន់បានល្បឿនជាអតិបរមា ២២០គីឡូម៉ែត្រ/ម៉ោង ដែលប្រើកញ្ចប់ថាមពលអាគុយប្រភេទ Ternary NMC ទំហំ ១០២ គីឡូវ៉ាត់ម៉ោង (102 kWh) ផលិតដោយក្រុមហ៊ុន CATL ដែលអាចរត់បានចម្ងាយចន្លោះពី ៥៨០ គីឡូម៉ែត្រ ឬដល់ ៦២០ គីឡូម៉ែត្រ (ស្តង់ដារ CLTC ប្រទេសចិន)។
បើនិយាយបច្ចេកវិទ្យាដោះដូរអាគុយ គឺគាំទ្រការប្តូរអាគុយ (Battery Swap) ក្នុងរយៈពេលត្រឹមតែ ៣នាទី ដែលជាបច្ចេកវិទ្យាឯកទេសរបស់ Nio។ ម៉ូឌែល Nio ES9 ក៏បញ្ចូលបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ (Smart Tech)
ដោយរថយន្តនេះត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយរថយន្តប្រណីតអឺរ៉ុប ជាមួយកញ្ចប់ប្រព័ន្ធភ្លើងដ៏ទំនើបកម្លាំងខ្ពស់ Architecture 900V ដែលអនុញ្ញាតឱ្យការសាកថ្មលឿនបំផុត (Ultra-fast charging)។ រួមជាមួយបន្ទះឈីប Shenji NX9031ជាបន្ទះឈីបបញ្ជាស្វ័យប្រវត្តិដែល Nio ផលិតដោយខ្លួនឯង ចំនួន ២ គ្រាប់ ដើម្បីគ្រប់គ្រងប្រព័ន្ធបើកបរឆ្លាតវៃ។
Nio ES9 បំពាក់ប្រព័ន្ធសេនស័រ LiDAR ចំនួន ៣ គ្រាប់ និងកាមេរ៉ាកម្រិតច្បាស់ (HD) ជាច្រើន ដែលផ្តល់សុវត្ថិភាព និងសមត្ថភាពបើកបរស្វ័យប្រវត្តិទាំងក្នុងក្រុង និងលើផ្លូវហាយវ៉េ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធជើងក្រោមឆ្លាតវៃ (Fully Active Suspension) ដែលធ្វើឱ្យការបើកបរមានភាពរលូនបំផុត ទោះស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។
Nio ES9 ដាក់បញ្ចូលរចនាបទលំដាប់ VIP ចំពោះផ្ទៃខាងក្នុង ដោយរថយន្តនេះត្រូវបានតម្រង់ទិសសម្រាប់អ្នកជំនួញ និងគ្រួសារលំដាប់ខ្ពស់ដោយមានជម្រើសកៅអី ៦ ទៅ ៧ (បែបសណ្ឋាន ២-២-២ ឬ ២-២-៣) ហើយកៅអីខាងក្រោយអាចផ្អៀងបានដល់ ១៣៥ ដឺក្រេកម្រិតស្តង់ដារ (VIP Position) និងមានបំពាក់ធុងទឹកកកអគ្គិសនី រួមជាមួយប្រព័ន្ធកម្សាន្តអេក្រង់ AMOLED កម្រិតខ្ពស់។
ស្ថិតក្នុងទីផ្សារតម្លៃវិញ Nio ES9 អាចមានតម្លៃចាប់ពី ៦០០,០០០ យន់ (ប្រហែល ៨៤,០០០ ដុល្លារអាមេរិក) ឡើងទៅដែលតម្លៃនេះជាជម្រើសប្រកួតប្រជែងជាមួយរថយន្តកំពូលៗនៅអឺរ៉ុបមានដូចជា Mercedes-Benz EQS SUV និង BMW iX។
ខណៈក្រុមហ៊ុន Nio នឹងរៀបចំព្រឹត្តិការណ៍បង្ហាញបច្ចេកវិទ្យា (Tech Launch) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នឹងដាក់បង្ហាញជាសាធារណៈក្នុងពិព័រណ៍រថយន្ត Beijing Auto Show នាចុងខែមេសា។ ការប្រគល់រថយន្តជូនអតិថិជននឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ Nio ES9 ត្រូវបានគេមើលឃើញថា ជាការបោះជំហានដ៏ធំមួយរបស់ឧស្សាហកម្មរថយន្តប្រទេសចិន ក្នុងការដណ្តើមទីផ្សាររថយន្ត SUV ប្រណីតខ្នាតធំ ដែលកន្លងមកត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរថយន្តលំដាប់ល្បីៗរបស់អឺរ៉ុប និងមកពីសហរដ្ឋអាមេរិក៕




