វិសាខា ទទួលបានដៃគូយុទ្ធសាស្ដ្រថ្មី ដើម្បីពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ខ្លួន

26-03-2026 13:39

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានទទួលដៃគូយុទ្ធសាស្ដ្រថ្មី ពីកសិដ្ឋាន សូភីណា ហ្វាម (Sophyna Farm) ដែលនឹងផ្ដល់ការផ្គត់ផ្គង់នូវអាហារូបបត្ថម្ភ ដើម្បីពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ខ្លួនគ្រប់កម្រិត សម្រាប់ប្រកួតប្រជែងពានរង្វាន់នានា។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបសមាជិកលីគកំពូលកម្ពុជានេះ បានថ្លែងក្រោយពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយដៃគូសហការថ្មីខាងលើថា កិច្ចសហការនេះ ផ្ដល់នូវផលចំណេញទាំងសងខាង ព្រោះជាការរួមចំណែកគាំទ្រ និងផ្សព្វផ្សាយពីផលិតផលកសិកម្មក្នុងស្រុកផង និងជាការទទួលបាននូវការផ្គត់ផ្គង់អាហារូបត្ថម្ភ ប្រកបដោយគុណភាព និងសុវត្ថិភាព ដល់កីឡាករ-កីឡាការិនី និងថ្នាលយុវជនប្រមាណ ២០០នាក់ កំពុងស្ថិតក្រោមដំបូលក្លិបនាពេលបច្ចុប្បន្នផង។

ដោយហេតុនេះ កញ្ញាបានចាត់ទុកិច្ចសហការនេះ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ដ្រពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ក្លិប ហើយក្រៅពីការផ្គត់ផ្គង់នូវស៊ុតមាន់ និងបន្លែស្រស់ៗ តែទៅថ្ងៃអនាគត កញ្ញារំពឹង សូភីណា ហ្វាម នឹងអាចឈានដល់ការផ្គត់ផ្គង់ផ្លែឈើ និងអាហារូបត្ថម្ភសិប្បនិម្មិត ដែលកែច្នៃពីបន្លែ-ផ្លែឈើក្នុងកសិកដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងនាមកីឡាករ-កីឡាការិនីអាជីព ដែលត្រូវការទាំងអាហារូបត្ថម្ភធម្មជាតិ និងអាហារូបត្ថម្ភសិប្បនិម្មិត សម្រាប់ទ្រទ្រង់រាងកាយ និងថាមពលទៀតផង។

ទន្ទឹមជាមួយគ្នា លោក សូ សារ៉ុង ប្រធានផ្នែកប្រតិបត្តិកកសិដ្ឋានមានមូលដ្ឋាននៅស្រុកកំចាយមារ ខេត្តព្រៃវែង ខាងលើបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានរួមចំណែកគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ លោកថា ក្នុងនាមដៃគូផ្គត់ផ្គង់ផលិតផលកសិកម្មធម្មជាតិ ក្រៅពីចង់រួមចំណែក និងធានានូវសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏ចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា មានសុខភាពមាំមួន និងថាមពលខ្លាំង តាមរយៈការទទួលបាននូវរបបអាហារត្រឹមត្រូវ ដើម្បីប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេសផងដែរ។

ហេតុនេះ ទើបលោកសម្រេចចាប់ដៃជាមួយវិសាខា ដើម្បីផ្ដល់ការផ្គត់ផ្គង់ផ្នែកអាហារូបត្ថម្ភ រួមមានស៊ុតមាន់ និងបន្លែជាដើម ហើយលោកក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រត្រឡប់មកវិញពីប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាលើកស្ទួយផលិតផលក្នុងស្រុក ឲ្យដំណើរការទៅមុខដោយរលូន ក៏ដូចជាផ្ដល់ឱកាសការងារ និងអភិវឌ្ឍន៍ក្នុងសង្គមជាតិ ព្រមទាំងវិស័យកីឡា ក៏ដូចជាកាត់បន្ថយនូវការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេសផងដែរ៕