លើកដំបូងក្នុងប្រវត្តិសាស្ត្រ៖ Meta និង Google ចាញ់ក្ដីករណី «រចនាបច្ចេកវិទ្យាឱ្យមនុស្សញៀន» និងត្រូវបង់សំណង៦លានដុល្លារ

26-03-2026 16:04

(បរទេស)៖ គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចថា ក្រុមហ៊ុន Meta (ម្ចាស់ Facebook និង Instagram) និងក្រុមហ៊ុន Google (ម្ចាស់ YouTube) ត្រូវទទួលខុសត្រូវចំពោះការរចនាបណ្តាញសង្គម ដែលបង្កឱ្យមានការញៀន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវវ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

តុលាការអាមរិក បានបង្គាប់ឱ្យក្រុមហ៊ុនទាំងពីររួមគ្នាផ្តល់សំណងសរុបចំនួន ៦លានដុល្លារ ដល់ដើមបណ្តឹង (ក្នុងនោះ ៣ លានដុល្លារជាសំណងការខូចខាត និង ៣លានដុល្លារទៀតជាសំណង)។ ក្រុមហ៊ុន Meta ត្រូវទទួលបន្ទុក ៧០% (ប្រហែល ៤.២ លានដុល្លារ) ចំណែកឯ Google ទទួលបន្ទុក ៣០% (ប្រហែល ១.៨ លានដុល្លារ)។ គណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុនទាំងពីរមាន «ការធ្វេសប្រហែស» ក្នុងការរចនាចំណុចទាក់ទាញ (Features) ដូចជា ការអូសមិនចេះចប់ (Infinite Scroll) និងការចាក់វីដេអូដោយស្វ័យប្រវត្តិ (Autoplay) ដែលធ្វើឱ្យកុមារញៀន និងខកខានមិនបានផ្តល់ការព្រមានឱ្យបានគ្រប់គ្រាន់អំពីគ្រោះថ្នាក់ទាំងនេះ។

ដើមបណ្តឹងនៅក្នុងរឿងក្តីនេះ គឺជាស្ត្រីវ័យ ២០ឆ្នាំម្នាក់ឈ្មោះ Kaley G.M. ដែលបានប្រើប្រាស់ YouTube តាំងពីអាយុ ៦ឆ្នាំ និង Instagram តាំងពីអាយុ ៩ឆ្នាំ។ នាងបានអះអាងថា ការរចនាបណ្តាញសង្គមទាំងនេះបានធ្វើឱ្យនាងញៀនខ្លាំង រហូតបង្កឱ្យមានជំងឺបាក់ទឹកចិត្ត (Depression) ជំងឺថប់បារម្ភ និងមានគំនិតចង់សម្លាប់ខ្លួន។

ករណីនេះ ត្រូវបានគេចាត់ទុកថា ជាលើកដំបូងបង្អស់ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ត្រូវបានរកឃើញថាមានកំហុសតាមផ្លូវច្បាប់ចំពោះ «ការរចនាបណ្តាញសង្គមឱ្យមនុស្សញៀន»។ អ្នកជំនាញច្បាប់យល់ថា នេះគឺជា «សញ្ញាអាសន្ន» សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទាំងមូល និងអាចជាគំរូសម្រាប់បណ្តឹងរាប់ពាន់ទៀតដែលកំពុងរង់ចាំនៅតាមតុលាការផ្សេងៗជុំវិញពិភពលោក។

ជាការឆ្លើយតប ទាំង Meta និង Google បានបង្ហាញការមិនយល់ស្របចំពោះសេចក្តីសម្រេចនេះ ហើយបានបញ្ជាក់ថា ពួកគេនឹងធ្វើការប្តឹងឧទ្ធរណ៍បន្តទៀត ដោយលើកឡើងថា ពួកគេតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពយុវជន និងមានឧបករណ៍គ្រប់គ្រងសម្រាប់មាតាបិតាជាច្រើន៕