Snapchat ប្រឈមការពិន័យរាប់ពាន់លានដុល្លារ ក្រោយអឺរ៉ុបរកឃើញចន្លោះប្រហោងសុវត្ថិភាព

27-03-2026 10:29

(បរទេស)៖ គណៈកម្មការអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេតផ្លូវការទៅលើក្រុមហ៊ុន Snapchat (កម្មសិទ្ធិរបស់ក្រុមហ៊ុន Snap Inc.) ក្រោមច្បាប់សេវាកម្មឌីជីថល (Digital Services Act - DSA) បន្ទាប់ពីមានការសង្ស័យថា បណ្តាញសង្គមនេះមិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីការពារអ្នកប្រើប្រាស់វ័យក្មេង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរអឺរ៉ុបមានការព្រួយបារម្ភថា ប្រព័ន្ធការពាររបស់ Snapchat មានភាពធូររលុង ដែលអនុញ្ញាតឱ្យជនខិលខូចអាចទាក់ទងកុមារក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ ឬអូសទាញឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ។ Snapchat ត្រូវបានចោទប្រកាន់ថា បានបណ្តោយឱ្យមានការផ្សព្វផ្សាយ និងលក់ទំនិញខុសច្បាប់ ឬទំនិញដែលត្រូវបានកំណត់អាយុអ្នកទិញ ដូចជាគ្រឿងញៀន ស្រា និងបារីអេឡិចត្រូនិច (vapes) ទៅកាន់អនីតិជន។

គណៈកម្មការអឺរ៉ុប បានរិះគន់ថា ប្រព័ន្ធ «បញ្ជាក់អាយុដោយខ្លួនឯង» របស់ Snapchat គឺងាយស្រួលក្នុងការបន្លំ និងមិនអាចការពារកុមារអាយុក្រោម ១៣ឆ្នាំពីការចូលប្រើប្រាស់បានឡើយ។ ការកំណត់លំនាំដើម (Default settings) របស់កម្មវិធីនេះ ត្រូវបានគេមើលឃើញថា មិនបានផ្តល់អាទិភាពដល់សុវត្ថិភាព និងឯកជនភាពរបស់កុមារឱ្យបានកម្រិតខ្ពស់បំផុតនោះទេ។ ប្រសិនបើរកឃើញថា Snapchat ពិតជាបានល្មើសនឹងច្បាប់ DSA មែននោះ ក្រុមហ៊ុនអាចនឹងត្រូវប្រឈមមុខនឹងការពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ ៦% នៃចំណូលសរុបប្រចាំឆ្នាំ របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

ជុំវិញព័ត៌មាននេះ តំណាងក្រុមហ៊ុន Snapchat បានថ្លែងថា ក្រុមហ៊ុនតែងតែចាត់ទុកសុវត្ថិភាពអ្នកប្រើប្រាស់ជាអាទិភាពចម្បង ហើយនឹងបន្តសហការជាមួយអាជ្ញាធរអឺរ៉ុប ដើម្បីបង្ហាញពីវិធានការការពារដែលខ្លួនមាន និងកែលម្អប្រព័ន្ធឱ្យកាន់តែប្រសើរឡើង៕