OpenAI រកចំណូលបាន ១០០លានដុល្លារ ត្រឹម ៦សប្តាហ៍ ពីការដាក់ពាណិជ្ជកម្មលើ ChatGPT
27-03-2026 10:39
(បរទេស)៖ ក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ កម្មវិធីសាកល្បងដាក់ផ្ទាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន OpenAI ក្នុងសហរដ្ឋអាមេរិក រកចំណូលបានដល់ទៅ ១០០ លានដុល្លារ។ នេះគឺជាជំហានថ្មីដ៏សំខាន់មួយរបស់ក្រុមហ៊ុន បន្ទាប់ពីលោក Sam Altman បានប្រកាសកាលពីដើមឆ្នាំថា នឹងប្រើប្រាស់ពាណិជ្ជកម្មដើម្បីជួយទប់ទល់នឹងការចំណាយដ៏មហាសាលក្នុងការអភិវឌ្ឍ AI។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រៀមពង្រីកគម្រោងនេះទៅកាន់ប្រទេសផ្សេងទៀតដូចជា អូស្ត្រាលី នូវែលសេឡង់ និងកាណាដា នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
បើទោះបីជាមានការបារម្ភពីរឿងរំខាន ឬបាត់បង់ឯកជនភាព ប៉ុន្តែ OpenAI បានធានាអះអាងថា ពាណិជ្ជកម្មទាំងនេះនឹងមិនមានឥទ្ធិពលលើចម្លើយរបស់ AI ឡើយ ហើយរាល់ការសន្ទនាឯកជនក៏មិនត្រូវបានចែករំលែកទៅឱ្យអ្នកទីផ្សារដែរ។ ក្រុមហ៊ុនបានបញ្ជាក់ដោយជឿជាក់ថា៖ «យើងមិនឃើញមានផលប៉ះពាល់លើទំនុកចិត្តរបស់អ្នកប្រើប្រាស់នោះទេ អត្រានៃការចុចបិទផ្ទាំងពាណិជ្ជកម្មមានកម្រិតទាប ហើយភាពពាក់ព័ន្ធនៃពាណិជ្ជកម្មមានការប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈមតិកែលម្អដែលយើងទទួលបាន»។
ដើម្បីជំរុញអាជីវកម្មថ្មីនេះឱ្យកាន់តែខ្លាំង OpenAI បានឆក់យកលោក David Dugan អតីតអ្នកជំនាញផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុន Meta (មេធំ Facebook) ឱ្យមកដឹកនាំក្រុមការងារ។ នៅខែមេសាខាងមុខ ក្រុមហ៊ុនក៏នឹងបើកឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចចូលមកទិញពាណិជ្ជកម្មដោយខ្លួនឯងបានយ៉ាងងាយស្រួលផងដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានផ្តល់ការព្រមានថា OpenAI ត្រូវតែមានតុល្យភាពឱ្យបានល្អ ព្រោះការដាក់ពាណិជ្ជកម្មច្រើនពេក «អាចធ្វើឱ្យអតិថិជនមួយចំនួនមិនពេញចិត្ត និងអាចប៉ះពាល់ដល់ទំនុកចិត្តលើផលិតផល» ក្នុងរយៈពេលវែង៕








