តើបច្ចេកវិទ្យា ADAS របស់ XPeng ខ្លាំងកម្រិតណា ទើបក្រុមហ៊ុន Volkswagen ហ៊ានយកមកប្រើលើឡានស៊េរីថ្មីរបស់ខ្លួនជាមួយតម្លៃខុសគុណភាព?
27-03-2026 11:12
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាល្លឺម៉ង់ Volkswagen បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ប្រទេសចិន នាពេលថ្មីៗនេះ ដោយបានប្រកាសបើកឱ្យអតិថិជនកក់ទុកមុនតាមលក្ខខណ្ឌផ្លូវការនូវការបញ្ជាទិញរថយន្តស៊េរីថ្មី Volkswagen ID. UNYX 08 ជាប្រភេទរថយន្តអគ្គិសនី Crossover ដ៏ប្រណីតថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៣៤,៧៦០ដុល្លារ ដល់ ៤៣,៤៥០ដុល្លារ (ឬប្រហែល ២៣៩,៩០០ ដល់ ២៩៩,៩០០ យន់)។
អ្វីដែលពិសេសបំផុតសម្រាប់ម៉ូឌែល ID. UNYX 08 នេះ គឺជារូបរាងថ្មីក្នុងយុទ្ធសាស្ត្រ "In China, for China" ដែលជាការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនបច្ចេកវិទ្យាចិន XPeng ដោយប្រើប្រាស់ពេលវេលាអភិវឌ្ឍត្រឹមតែ ២៤ ខែប៉ុណ្ណោះ។
ចំពោះលក្ខណៈបច្ចេកទេសសំខាន់ៗដែលគួរឱ្យចាប់អារម្មណ៍លើ ID. UNYX 08 កម្លាំងម៉ាស៊ីនខ្លាំងដែលមានជម្រើសប៉ុងមួយ (RWD) មានកម្លាំង ២៣០គីឡូវ៉ាត់ (៣០៨ សេះ) និងប្រភេទប៉ុងពីរ (AWD) មានកម្លាំងដល់ទៅ ៣៧០គីឡូវ៉ាត់ (៤៩៦ សេះ)។
ប្រើប្រាស់អាគុយប្រភេទ LFP ពីក្រុមហ៊ុន CATL ដែលមានទំហំ ៨២.៤ kWh និង ៩៥ kWh អាចបើកបរបានចម្ងាយចាប់ពី ៦៣០គីឡូម៉ែត្រ ឬឈានដល់ ៧៣០គីឡូម៉ែត្រ (តាមស្តង់ដារ CLTC ប្រទេសចិន) ក្នុងពេលសាកពេញម្តង។
ID. UNYX 08 បំពាក់មកជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Architecture (800V) ដែលអនុញ្ញាតឱ្យសាកភ្លើងកម្រិត DC ក្នុងកម្លាំង ៣១៥គីឡូវ៉ាត់ ដោយការសាកត្រឹមតែ ៥នាទី អាចរត់បានចម្ងាយ ១៥០គីឡូម៉ែត្រ។
ក្រុមហ៊ុនក៏បានបំពាក់នូវបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ADAS របស់ XPeng និងមានកម្លាំងគណនាខ្ពស់បំផុតក្នុងថ្នាក់រថយន្តទំនើបៗប្រភេទនេះ (1,500 TOPS) ។
សូមបញ្ជាក់ផងថា TOPS មកពីពាក្យថា Tera Operations Per Second (ជាលក្ខខណ្ឌបច្ចេកវិទ្យាធ្វើការគណនាបាន ១ទ្រីលីនដងក្នុងមួយវិនាទី) ដែលកម្លាំង (1,500 TOPS) នេះបានមកពីការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ (ដូចជា NVIDIA Orin-X ច្រើនគ្រាប់បញ្ចូលគ្នា) ដោយជាធម្មតារថយន្តអគ្គិសនី (EV) ទូទៅភាគច្រើនមានកម្លាំងគណនាត្រឹម ២០០ ទៅ ៥០០ TOPS ប៉ុណ្ណោះ។ ដូចនេះរថយន្ត ID. UNYX 08 មានខួរក្បាលលឿនជាងឡានធម្មតាពី ៣ ទៅ ៥ ដង អនុញ្ញាតធ្វើការវិភាគស្ថានភាពផ្លូវដែលស្មុគស្មាញខ្លាំងបានភ្លាមៗ ដោយគ្មានភាពរអាក់រអួល។
ID. UNYX 08 បានបំពាក់ចំណុចពិសេសនោះ គឺប្រព័ន្ធបើកបរស្វ័យប្រវត្តិ ADAS របស់ XPeng (XNGP) ត្រូវបានគេទទួលស្គាល់ថាជា "Tesla នៃប្រទេសចិន" ក្នុងវិស័យបច្ចេកវិទ្យាបើកបរ ហើយការដាក់នៅលើ ID. UNYX 08 វាប្រើប្រាស់ប្រព័ន្ធដែលហៅថា XNGP (XPeng Navigation Guided Pilot) ដោយរថយន្តអាចបត់ឆ្វេង-ស្តាំ ឆ្លងកាត់ស្តុប និងគេចឧបសគ្គ (ដូចជាឧបសគ្គអ្នកជិះកង់ ឬថ្មើរជើង) ដោយស្វ័យប្រវត្តិ ទោះបីជាគ្មានផែនទីកម្រិតខ្ពស់ (HD Maps) ក៏ដោយ។
ជាមួយគ្នានោះការបើកបរលើផ្លូវល្បឿនលឿនវិញ ឡានអាចរក្សាល្បឿន ប្តូរគន្លងផ្លូវដើម្បីជែងរថយន្តយឺត និងចេញ/ចូលផ្លូវកោងដោយខ្លួនឯងយ៉ាងរលូន ការចូលចតវៃឆ្លាត (Valet Parking Assist) អ្នកបើកបរអាចចុះពីលើឡាន ហើយឱ្យឡានទៅរកកន្លែងចត និងចូលចតដោយផ្ទាល់បានយ៉ាងសុក្រឹត ខណៈ ID. UNYX 08 គឺមានប្រវែងតួខ្លួន ៥,០០០មីលីម៉ែត្រ និងប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) ៣,០៣០មីលីម៉ែត្រ ដែលផ្តល់នូវលំហរខាងក្នុងធំទូលាយ។
ហើយសម្រាប់ការបើកការកក់ទុកមុននេះ អតិថិជនអាចចំណាយត្រឹមតែ ៩៩ យន់ (ប្រហែល ១៤ ដុល្លារ) នឹងទទួលបានការបញ្ចុះតម្លៃ ២,០០០យន់ មានការថែមជូនឧបករណ៍សាកភ្លើងនៅផ្ទះ និងការធានាលើរថយន្តអស់មួយជីវិតផងដែរ។ ID. UNYX 08រថយន្តនេះត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Beijing Auto Show 2026 នៅចុងខែមេសាខាងមុខនេះ៕






