អ៉ីតាលី ទម្លាក់អៀរឡង់ខាងជើង ឡើងទៅប៉ះបូស្នី ប្រជែងកៅអី World Cup 2026 ចុងខែនេះ

27-03-2026 11:36

(បរទេស)៖ ក្រុមជម្រើសជាតិអ៉ីតាលី បានទម្លាក់គូប្រជែងអៀរឡង់ខាងជើង ២ទល់នឹង០ ឡើងទៅប៉ះបូស្នី ដើម្បីប្រជែងកៅអី World Cup 2026 នាយប់ថ្ងៃទី៣១ ខែមីនាជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមអាសូរីមួយនេះ បានកំពុងស្ថិតក្រោមសម្ពាធផងដែរ ដ្បិតអតីតជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឹម៉ង់កាន់តែខិតជិតឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលរួចមក។

ខ្សែបម្រើក្លិបសារិកាព្រៃ Newcastle United គឺ Sandro Tonali ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៥៦ នៅមុនពេលខ្សែប្រយុទ្ធ Moise Kean បានបន្ថែមគ្រាប់ទី២ នៅខ្វះ ១០នាទីដល់បញ្ចប់ការប្រកួតនៃពាក់កណ្តាលផ្តាច់ព្រ័ត្រ ជម្រុះតំបន់អឺរ៉ុប UEFA នៅពេលបូស្នីបានទម្លាក់វ៉េល ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-២ ផងនោះ។

ចំណែកឯអៀរឡង់ខាងជើង ដែលកំពុងព្យាយាមប្រជែងកៅអីឡើងទៅលេងជុំចុងក្រោយនៅ World Cup ជាលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំ និងជាលើកទី៤ របស់ពួកគេផងនោះ ត្រូវបានខកខានបន្តទៀត ស្របពេលតំបន់ប្រយុទ្ធរបស់ពួកគេមិនជារំខានដល់កីឡាករចាំទី Gianluigi Donnarumma របស់ម្ចាស់ផ្ទះនោះឡើយ៕