Meta បោះទុនយក្ស ១០ ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌល AI ដ៏ធំសម្បើមនៅ Texas

27-03-2026 13:01

(បរទេស)៖ ក្រុមហ៊ុន Meta (ម្ចាស់ Facebook និង Instagram) បានសម្រេចចិត្តបង្កើនកញ្ចប់ថវិកាវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI ថ្មីរបស់ខ្លួននៅទីក្រុង El Paso រដ្ឋ Texas ក្នុងទំហំទឹកប្រាក់រហូតដល់ ១០ ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ៦ ដងធៀបនឹងគម្រោងដើម។ មជ្ឈមណ្ឌលដ៏មហិមានេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ជាមួយនឹងគោលដៅប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ ១ ជីហ្គាវ៉ាត់ ដើម្បីទ្រទ្រង់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានតម្រូវការខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ទោះបីជា Meta កំពុងរងសម្ពាធពីទីផ្សារភាគហ៊ុន និងការកាត់បន្ថយបុគ្គលិកក្នុងផ្នែកផ្សេងៗក៏ដោយ ក៏ក្រុមហ៊ុននៅតែផ្ដោតខ្លាំងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ លោក Gary Demasi អនុប្រធានផ្នែកអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យរបស់ Meta បានបញ្ជាក់ពីការប្តេជ្ញាចិត្តនេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំ Borderplex Alliance ថា ការវិនិយោគនេះនឹងបង្កើតការងារថ្មីៗរាប់រយកន្លែង និងត្រូវការកម្មករសំណង់រហូតដល់ ៤,០០០ នាក់នៅដំណាក់កាលសាងសង់ខ្ពស់បំផុត។

ដើម្បីឆ្លើយតបទៅនឹងការបារម្ភរបស់ពលរដ្ឋរឿងការប្រើប្រាស់ទឹក និងអគ្គិសនី Meta បានសន្យាថានឹងនាំយកថាមពលស្អាត ៥,០០០ មេហ្គាវ៉ាត់ មកក្នុងបណ្តាញអគ្គិសនី និងប្រើប្រាស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនដោយទឹកតាមបែបបិទជិត (Recycle) ដែលជួយសន្សំសំចៃទឹកបានយ៉ាងច្រើន។ ក្រុមហ៊ុនបានលើកឡើងនៅក្នុងប្លុកផ្សាយផ្លូវការថា៖ «ចាប់តាំងពីការបើកការដ្ឋានសាងសង់កាលពីឆ្នាំមុនមក យើងមានមោទនភាពក្នុងការហៅ El Paso ថាជាផ្ទះ ហើយយើងប្តេជ្ញាធ្វើជាអ្នកជិតខាងដ៏ល្អ» តាមរយៈការនាំយកទឹកស្អាតមកឱ្យគ្រួសារអ្នកស្រុកដែលធ្លាប់ខ្វះខាតប្រើប្រាស់ផងដែរ។

គូសបញ្ជាក់ថា ការបោះទុនដ៏មហិមារបស់ Meta នៅពេលនេះ មិនត្រឹមតែជាការត្រៀមខ្លួនសម្រាប់សង្គ្រាមបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការព្យាយាមបង្ហាញពីទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាននៅក្នុងតំបន់ដែលខ្លួនទៅវិនិយោគផងដែរ៕