យល់ដឹងកីឡា៖ ចំនួនគ្រាប់បាល់កើនដល់ ២,៧២០គ្រាប់សរុបនៅ World Cup ក្រោយរៀបចំបាន ២២លើកមកនេះ
28-03-2026 09:33
(បរទេស)៖ គិតត្រឹមការបញ្ចប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ចំនួនគ្រាប់បាល់សរុប ដែលត្រូវបានស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្ត្រ គឺមានចំនួនសរុប ២,៧២០គ្រាប់ បន្ទាប់ពី FIFA រៀបចំបាន ២២សម័យកាលមកនេះ។
ខាងក្រោមនេះ គឺជាស្ថិតិសំខាន់ៗដែលអ្នកគួរដឹងរួមមាន៖
. គ្រាប់បាល់ក្នុង ១ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា បានបង្កើតកំណត់ត្រាថ្មី ជាការប្រកួតដែលមានការស៊ុតបញ្ចូលទីគ្នាច្រើនបំផុត ដោយមានគ្រាប់បាល់សរុបចំនួន ១៧២គ្រាប់។
. អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត (All-time Top Scorer) គឺកីឡាករ Miroslav Klose របស់អាល្លឺម៉ង់ នៅតែរក្សាតំណែងកំពូលដដែល ជាមួយនឹងគ្រាប់បាល់សរុប ១៦គ្រាប់ ដែលរកបាននៅ World Cup ៤សម័យកាល ពោលគឺក្នុងឆ្នាំ២០០២ ២០០៦ ២០១០ និងចុងក្រោយឆ្នាំ២០១៤។
. កំណត់ត្រាស៊ុតបញ្ចូលទីក្នុង ១រដូវកាល គឺកីឡាករ Just Fontaine របស់បារាំង បានកាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយស៊ុតបាន ១៣គ្រាប់កាល World Cup ឆ្នាំ១៩៥៨។
ប្រទេសដែលស៊ុតបញ្ចូលទីបានច្រើនបំផុត គឺជម្រើសជាតិសាំបាប្រេស៊ីល ជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយរកបានសរុប ២៣៧គ្រាប់ឯណោះ (គិតត្រឹមការប្រកួតឆ្នាំ២០២២)៕



