អូទ្រីស សម្រេចហាមកុមារពីការប្រើបណ្ដាញសង្គម ដើម្បីការពារពីមាតិកាគ្រោះថ្នាក់
28-03-2026 09:53
(បរទេស)៖ រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយបក្សអភិរក្សនិយមរបស់ប្រទេសអូទ្រីស បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនមានគម្រោងដាក់ចេញនូវបម្រាមលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៤ ឆ្នាំ ដើម្បីការពារកុមារពី Algorithms ដែលបង្កឱ្យមានការជក់ចិត្តដកចិត្តមិនរួច និងមាតិកាដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ។
សមាជិករដ្ឋាភិបាល បានព្រមព្រៀងគ្នាលើគោលការណ៍នៃបម្រាមនេះហើយ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមច្បាស់លាស់ ឬរបៀបនៃការអនុវត្តជាក់ស្តែងនៅឡើយទេ។ រដ្ឋាភិបាលនឹងមិនរៀបរាប់ឈ្មោះកម្មវិធីនីមួយៗនោះទេ ប៉ុន្តែនឹងសម្រេចទៅលើកម្រិតនៃភាពជក់ចិត្តនៃAlgorithms និងវត្តមាននៃមាតិកាអវិជ្ជមាន (ដូចជាហឹង្សាផ្លូវភេទ) របស់កម្មវិធីទាំងនោះ។
សេចក្តីព្រាងច្បាប់នេះ គ្រោងនឹងបញ្ចប់នៅចុងខែមិថុនា នេះបើតាមការបញ្ជាក់របស់លោក Babler និងរដ្ឋមន្ត្រីវ័យក្មេងទទួលបន្ទុកផ្នែកឌីជីថល លោក Alexander Proell។
គួរជម្រាបថា អូទ្រីសមិនមែនជាប្រទេសតែមួយគត់ដែលចាត់វិធានការនេះទេ។ ប្រទេសជាច្រើនទៀតក៏កំពុងពិចារណាលើបម្រាមស្រដៀងគ្នានេះដែរ ដោយក្នុងនោះប្រទេសបារាំងក៏បានអនុម័តបម្រាមសម្រាប់កុមារក្រោម ១៥ ឆ្នាំ កាលពីខែមករាកន្លងទៅ។










