អ៉ីរ៉ង់ រំលឹកដល់វិញ្ញាណក្ខន្ធសិស្សសាលា ដែលបានស្លាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល-អាមេរិក មុនលេងមិត្តភាព
28-03-2026 10:06
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានស្មឹងស្មាធដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ឌក្មេងៗសិស្សសាលា ដែលបានស្លាប់បាត់បង់ជីវិត ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក មុនការប្រកួតមិត្តភាពអន្តរជាតិរបស់ពួកគេទល់នឹងនីហ្សេរីយ៉ានាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមកីឡាករទាំងនោះ បានកាន់កាតាបនៅអំឡុងពេលគោរពភ្លេងជាតិ និងពាក់បូរពណ៌ខ្មៅនៅនឹងដៃរបស់ពួកគេទៀតផង ដើម្បីជាសារប្រាប់ទៅកាន់ពិភពលោក អំពីការស្លាប់បាត់បង់ជីវិតក្មេងៗដែលកំពុងសិក្សានៅប្រទេសអ៉ីរ៉ង់។
គួររំលឹកផងថា មានមនុស្សយ៉ាងហោចណាស់ប្រមាណ ១៦៨នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារពីសំណាក់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើតំបន់ Shajareh Tayyebeh កាលពីខែមុន ដោយក្នុងនោះក៏មាន ១១០នាក់ជាកុមារថែមទៀតផង។ នេះបើយោងតាមមន្រ្តីអ៉ីរ៉ង់។
នៅក្នុងពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធ មុនលេងមិត្តភាពកំដៅសាច់ដុំ ដើម្បីត្រៀម World Cup 2026 មកដល់នាថ្ងៃទី១១ ខែមិថុនា ទល់នឹងនីហ្សេរីយ៉ាដែលបានធ្វើឡើងនៅប្រទេសតួកគីនោះ គេក៏សង្កេតឃើញអតីតខ្សែប្រុយុទ្ធក្លិប FC Porto និង Inter Milan គឺ Mehdi Taremi កាន់កាតាបពណ៌ផ្កាឈូក នៅអំឡុងការគោរពភ្លេងជាតិនោះដែរ។
អ៉ីរ៉ង់ ដែលមានកៅអីលេង World Cup 2026 បានរងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់នីហ្សេរីយ៉ានារាត្រីថ្ងៃសុក្រយប់មិញ និងបន្តប៉ះកូស្តារីកា ក្នុងមិត្តភាពនាថ្ងៃអង្គារសប្តាហ៍ក្រោយ នៅប្រទេសតួកគីដដែល៕



