លឿនជាងចាក់សាំងទៀត! Denza D9 ស៊េរីថ្មី សាកថ្ម ៥នាទីបានដល់ ៧០% តើមានអ្វីអស្ចារ្យខ្លះបានជាផ្អើលកុម្ម៉ង់ពេញពិភពលោក?
28-03-2026 11:38
(ភ្នំពេញ)៖ ក្រុមហ៊ុនយក្ស BYD បានកំណត់យកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីដាក់ឱ្យអតិថិជនកុម្ម៉ង់ទិញជាមុន (Pre-sales) នូវរថយន្តប្រភេទ MPV គឺម៉ូឌែល Denza D9 ស៊េរីថ្មី ដែលមានបំពាក់អាគុយ Blade 2.0 ជាការវិវត្តន៍ដ៏អស្ចារ្យមិនធ្លាប់មានក្នុងវិស័យយានយន្តអគ្គិសនី។ យោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានរថយន្តល្បីឈ្មោះ CarNewsChina នាពេលថ្មីៗនេះ ។
បើនិយាយពីបច្ចេកវិទ្យាអាគុយម៉ូឌែល Danza D9 បានបំពាក់មកជាមួយថ្ម Blade 2.0 ជំនាន់ទី២ ដែលមានកម្លាំងល្បឿនសាកថ្មដ៏គួរឱ្យភ្ញាក់ផ្អើល គឺជារថយន្តម៉ូឌែល D9 ដំបូងបង្អស់ដែលត្រូវបានបំពាក់នូវបច្ចេកវិទ្យាអាគុយជំនាន់ថ្មីបំផុត Blade 2.0 របស់ BYD ដោយមានចំណុចខ្លាំងបំផុតដែលពិភពលោកកំពុងចាប់អារម្មណ៍នោះ គឺសមត្ថភាពសាកថ្មដោយអាចសាកថាមពលពី ១០% ទៅ ៧០% ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។
ដែលថ្មនេះមានគាំទ្រការសាកថ្មក្នុងល្បឿនលឿនកម្រិតកំពូលរហូតដល់ ៦០០គីឡូវ៉ាត់ (600kW) ដែលធ្វើឱ្យវាក្លាយជារថយន្តគ្រួសារខ្នាតធំ (MPV) ដែលសាកថ្មលឿនបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ជាមួយជម្រើសម៉ាស៊ីន និងសមត្ថភាពបើកបរ
អតិថិជនអាចជ្រើសរើសបាន ២ប្រភេទ ទៅតាមតម្រូវការប្រើប្រាស់ ។
Danza D9 គឺមានប្រភេទអគ្គិសនីសុទ្ធ (BEV) ប្រើប្រាស់កញ្ចប់អាគុយ Blade 2.0 ដែលមិនត្រឹមតែសាកលឿនទេ ប៉ុន្តែថែមទាំងផ្តល់នូវសុវត្ថិភាពខ្ពស់ និងចម្ងាយរត់បានឆ្ងាយជាងស៊េរីមុនៗ ហើយជម្រើសម៉ូឌែល កូនកាត់ (PHEV - DM-i 6.0) គឺបំពាក់ប្រព័ន្ធម៉ាស៊ីនកូនកាត់ជំនាន់ទី៦ ថ្មីបំផុត ដែលផ្តល់សមត្ថភាពបើកបររហូតដល់លើសពី ១,៥០០គីឡូម៉ែត្រ ជាប្រភេទ (សាំង+អគ្គិសនី) ដែលនេះជាតួលេខដ៏ខ្ពស់បំផុតសម្រាប់ជម្រើសម៉ូឌែលរថយន្ត។
៣. បច្ចេកវិទ្យាទំនើប និងភាពប្រណីតខាងក្នុង
ជាមួយគ្នានោះ Danza D9 ប្រើប្រាស់ខួរក្បាលនឹងសរសៃឈាមឆ្លាតវៃ គឺបំពាក់បន្ទះឈីបកម្រិតខ្ពស់ អេក្រង់កម្សាន្តធំៗក្នុងឡានដំណើរការបានរលូន និងឆ្លាតវៃជាងមុន ថែមទាំងមានកៅអីជួរទី២ ប្រភេទ "Zero Gravity" ជំនាន់ថ្មី ដែលផ្តល់នូវអារម្មណ៍ដូចសម្រាកនៅលើអាកាស សមស្របបំផុតសម្រាប់ថ្នាក់ដឹកនាំ និងការធ្វើដំណើរជាគ្រួសារ មកជាមួយនោះបច្ចេកវិទ្យាសុវត្ថិភាពស្វ័យប្រវត្តិ មានបំពាក់ប្រព័ន្ធ LiDAR និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ DiPilot 300 (God's Eye) ដែលអាចបើកបរដោយខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាព ទាំងនៅលើផ្លូវល្បឿនលឿន និងក្នុងស្ថានភាពចរាចរណ៍មមាញឹក។
ស្ថិតក្នុងការរំពឹងទុកលើទីផ្សារ ការប្រកាសចេញម៉ូឌែល Denza D9 ស៊េរីថ្មីនេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់គូប្រជែងដូចជាម៉ូឌែល Zeekr 009, Li Auto Mega និងសូម្បីតែម៉ូឌែល Toyota Alphard ផងដែរ ខណៈអ្នកជំនាញបានព្យាករណ៍ថា Denza D9 ដែលបំពាក់បច្ចេកវិទ្យាសាកថ្ម ៥នាទីនេះ នឹងក្លាយជាជម្រើសទី១ សម្រាប់អ្នកដែលធ្លាប់បារម្ភពីរឿងរង់ចាំសាកថ្មយូរ គ្រាដែលតម្លៃផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី២៩ មីនា ឆ្នាំ២០២៦ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ ។
ជាមួយគ្នានោះ យោងតាមរបាយការណ៍ទីផ្សារ នៅប្រទេសអូស្ត្រាលី តម្លៃត្រូវបានគេប៉ាន់ស្មានថាអាចត្រូវចាយជិត ៨៦,០០០ដុល្លារអាមេរិកឡើងទៅ ខណៈម៉ូឌែលថ្មីនេះក៏នឹងមានវត្តមានក្នុងទីផ្សារស្រុកខ្មែរឆាប់ៗនេះ បន្ទាប់ពីការបើកលក់នៅប្រទេសចិនផងដែរ៕



