ប្រដាល់សកលអាជីព ទាក់ទាញការចាប់អារម្មណ៍ ខណៈ ហ៊ុន គីមហ៊ាង ក្លាយជាជម្រើសជាតិ ឆ្នាំ២០២៦
28-03-2026 11:45
(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកលអាជីព Dragon the Golden Ring បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង ទាំងការរៀបចំ និងសន្ទុះអ្នកទស្សនាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្របពេលសហព័ន្ធក៏បានរកឃើញបេក្ខភាពជម្រើសជាតិប្រដាល់សកលឆ្នាំ២០២៦ មួយរូបគឺកីឡាករ ហ៊ុន គីមហ៊ាង។
លោក ប៊ុយ សុភ័ណ្ណ ប្រធានសហព័ន្ធកីឡាប្រដាល់កសលកម្ពុជាបានឲ្យដឹងថា នេះជាខែទី២ ដែលសហព័ន្ធបានរៀបចំការប្រកួតកីឡាប្រដាល់អាជីព ហើយលោកសង្កេតឃើញដំណើរការប្រកួតមានភាពគគ្រឹកគគ្រេងជាងមុន ទាំងការរៀបចំ និងការគាំទ្ររបស់មហាជន ទាំងអ្នកមកទស្សនាផ្ទាល់ និងលើបណ្ដាញសង្គម ស្របតាមការចង់បានរបស់សហព័ន្ធ។
លោកថា ខែថ្មីនេះប្លែកជាងមុន ដោយសហព័ន្ធបានបញ្ចូលការប្រកួតមិត្តភាពអន្ដរជាតិកីឡាការិនី ក៏ដូចជាការប្រកួតគូឯក រវាងកីឡាករកម្ពុជា ប៉ះកម្ពុជា ដើម្បីប្រជែងកៅអីជម្រើសជាតិ ខណៈជាលទ្ធផល ហ៊ុន គីមហ៊ាង បានក្លាយជាកីឡាករជម្រើសជាតិឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ខឿន សីហា ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់នៅត្រឹមទឹកទី៣។
តាមរយៈភាពជោគជ័យនេះ លោកសង្ឃឹមថា ខែក្រោយៗនឹងមានការប្រកួតកាន់តែស្វិតស្វាញ ហើយសម្រិតសម្រាំងកីឡាករ-កីឡាការិនីល្អៗចូលរួម ទាំងគូមិត្តភាពជាតិ និងអន្ដរជាតិ ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិ ដើម្បីដកស្រង់បទពិសោធន៍ ក៏ដូចជាដុសខាត់សមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាកីឡាអាស៊ី នៅជប៉ុន និងកីឡាក្នុសាលអាស៊ី នៅមជ្ឈឹមបូព៌ាជាដើម។
គួរដឹងថា ក្នុងចំណោមការប្រកួតប្រដាល់សកលអាជីព ប្រចាំខែមីនានេះ ជាលទ្ធផលសម្រាប់គូមិត្តភាពអន្ដរជាតិ រួមមានកីឡាករ វណ្ណា លីហៀង ឈ្នះកីឡាករអ៉ីរ៉ង់ Aryan Rahaei ដោយពិន្ទុ, កីឡាករ ជុន កក្កដា ឈ្នះកីឡាករ Ferris Dalle Grave មកពីប្រទេស Mauritius ដោយពិន្ទុ, កីឡាការិនី លីជីន គុនខ្មែរ ចាញ់កីឡាការិនីនេប៉ាល់ Susma Chaudhari នៅទឹកទី១ និងគូមិត្តភាពជាតិ កីឡាករ លីន វិចិត្រ ឈ្នះកីឡាករ សី កុសល ដោយពិន្ទុ៕









