ខណៈតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរនោះ តើការទិញរថយន្តប្រើសាំងដែលមានទំហំម៉ាស៊ីនបែបណាដែលជាជម្រើសល្អបំផុត?

28-03-2026 14:08

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅទូទាំងសកលលោក និងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់រថយន្តជាច្រើនមានការព្រួយបារម្ភអំពីថ្លៃធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែរថយន្តសាំងនៅតែជាជម្រើសដែលមានភាពងាយស្រួល និងជាជម្រើសទី១សម្រាប់អ្នកប្រើប្រាស់រថយន្តជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែការជ្រើសរើសរថយន្តដែលមានទំហំម៉ាស៊ីនត្រឹមត្រូវមិនតូចពេក មិនធំពេក គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសមត្ថភាពនៃទំហំម៉ាស៊ីនរថយន្តក៏ជាផលប៉ះពាល់ដោយផ្ទាល់ទៅលើកម្រិតស៊ីប្រេងឥន្ធនៈ និងការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃរយៈពេលវែង ដូច្នេះការជ្រើសរើសរថយន្តមានទំហំម៉ាស៊ីនសមល្មម គឺអាចជួយឱ្យអ្នកបើកបរអាចសន្សំប្រាក់បានជារៀងរាល់ខែ។

ជាទូទៅ រថយន្តដែលបំពាក់ដោយម៉ាស៊ីនទំហំតូចល្មមដូចជា ម៉ាស៊ីនចំណុះ 1.5L 4ស៊ីឡាំង ជាធម្មតាគឺមានការសន្សំសំចៃប្រេងឥន្ធនៈជាងរថយន្តដែលមានទំហំម៉ាស៊ីនធំៗ។ ទំហំម៉ាស៊ីនធំត្រូវការដុតចំហេះប្រេងឥន្ធនៈច្រើនជាង ពីព្រោះវាប្រើប្រាស់ខ្យល់ និងសាំងច្រើនជាងដើម្បីផលិតថាមពលឱ្យបានគ្រប់គ្រាន់ ខណៈពេលដែលរថយន្តដែលមានទំហំម៉ាស៊ីនតូចជាងត្រូវការប្រេងឥន្ធនៈតិចជាង ដើម្បីដំណើរការក្រោមលក្ខខណ្ឌការបើកបរធម្មតា។ ដោយសារតែបញ្ហានេះ ទើបក្រុមហ៊ុនផលិតរថយន្តទំនើបជាច្រើននាពេលបច្ចុប្បន្ននេះបានប្រើប្រាស់ការបន្ថយទំហំម៉ាស៊ីន ដែលមានន័យថាការប្រើប្រាស់ម៉ាស៊ីនតូចដែលមានបច្ចេកវិទ្យាល្អជាងដើម្បីកាត់បន្ថយកម្រិតស៊ីប្រេងឥន្ធនៈ ខណៈដែលវានៅតែអាចរក្សាបាននូវដំណើរការល្អធម្មតាដោយមិនស៊ីប្រេងច្រើន ប៉ុន្តែរថយន្តដែលមានទំហំម៉ាស៊ីនល្អបំផុតក៏អាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់រថយន្តផ្ទាល់ផងដែរ។

ជាឧទាហរណ៍ សម្រាប់ការបើកបរក្នុងទីក្រុងភ្នំពេញ ឬ ការធ្វើដំណើរប្រចាំថ្ងៃតាមបណ្តាខេត្ត រថយន្តដែលមានម៉ាស៊ីនចំណុះ 1.5L ចំនួន 4 ស៊ីឡាំង ដែលបំពាក់លើរថយន្តស៊េរីថ្មីម៉ូដែល MG ZS បានក្លាយជាជម្រើសដ៏ល្អបំផុត ពីព្រោះវាផ្តល់ថាមពលគ្រប់គ្រាន់ និងមានកម្រិតស៊ីប្រាស់ប្រេងឥន្ធនៈសមល្មម។ ចំណែក រថយន្តដែលមានទំហំម៉ាស៊ីនតូចល្មមតែងតែមានតម្លៃសមរម្យជាង ហើយមានដំណើរការល្អផ្តល់ថាមពលបានគ្រប់គ្រាន់ព្រមទាំងមានការថែទាំទាបជាង និងជាជម្រើសល្អជាងគេសម្រាប់អតិថិជនដែលចង់គ្រប់គ្រងនិងសន្សំសំចៃលើថ្លៃប្រេងឥន្ធនៈ។

ម្យ៉ាងវិញទៀត ស្ថានីយប្រេងឥន្ធនៈក៏មាននៅស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យរថយន្តប្រើសាំងនៅតែជាជម្រើសដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកបើកបរក៏អាចស្វែងរកស្ថានីយប្រេងឥន្ធនៈយ៉ាងសំបូរបែបនៅក្នុងទីក្រុងនិងនៅតាមបណ្តោយផ្លូវជាតិតាមបណ្តាខេត្តបានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីពេលវេលាត្រូវសាកថ្មអគ្គិសនីនោះទេ ដោយគ្រាន់តែចាក់បំពេញប្រេងឥន្ធនៈដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

រថយន្តសាំងក៏មានតម្លៃទាបជាងនិងសមរម្យអាចទទួលយកបានផងដែរ។ សូម្បីតែថ្លៃប្រេងឥន្ធនៈកើនឡើង ក៏អ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តនិងជ្រើសរើសរថយន្តសាំង ព្រោះតម្លៃរថយន្តសមរម្យ និងងាយស្រួលថែទាំ។ ឧទាហរណ៍ រថយន្ត MG ZS ស៊េរីឆ្នាំ២០២៦ មានតម្លៃត្រឹមតែ $27,990 ប៉ុណ្ណោះ ហើយនេះជាចំនុចដ៏សំខាន់ជាពិសេសសម្រាប់អ្នកទើបទិញរថយន្តថ្មីលើកដំបូង សម្រាប់គ្រួសារសម័យថ្មី ឬ អតិថិជនដែលចង់បានរថយន្តល្អជាមួយនឹងថវិកាមានកំណត់។

ហេតុផលមួយទៀត គឺសេវាកម្មថែទាំ និងការជួសជុល ដោយសាររថយន្តប្រើសាំងគឺមានយានដ្ឋានច្រើនសំបូរបែបយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាដែលអាចផ្តល់សេវាកម្មជួសជុលបាន។ ជាងជួសជុលរថយន្តម៉ាស៊ីនសាំងភាគច្រើនស្គាល់ម៉ាស៊ីនសាំងច្បាស់ ហើយក៏មានគ្រឿងបន្លាស់អាចរកបានយ៉ាងងាយស្រួលក្នុងតម្លៃសមរម្យ។ នេះហើយជាហេតុផលធ្វើឱ្យរថយន្តប្រើសាំងសុទ្ធ កាន់តែងាយស្រួលក្នុងការថែទាំ ជាពិសេសនៅតាមបណ្តាខេត្ត ខណៈមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តអគ្គិសនីនៅមានកម្រិតនៅឡើយ។

លើសពីនេះ អ្នកបើកបររថយន្តមួយចំនួនចូលចិត្តរថយន្តប្រើសាំង ព្រោះវាផ្តល់រយៈចម្ងាយបើកបរបានឆ្ងាយដោយមិនចាំបាច់បារម្ភពីការសាកថ្មឡើយ ដោយចាក់ប្រេងឥន្ធនៈពេញមួយធុងអាចបើកបរបានចន្លោះពី 500 – 600Km អាស្រ័យលើចំណុះធុងសាំង ដែលងាយស្រួលសម្រាប់អ្នកដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាញឹកញាប់។

សរុបមក ទោះបីជាតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងក៏ដោយ ក៏រថយន្តប្រើសាំងនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលចង់បានភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងមានការថែទាំងាយស្រួល និងមានតម្លៃសមរម្យ។ ទោះបីជាតម្លៃប្រេងឥន្ធនៈខ្ពស់នៅក្នុងប្រទេសកម្ពុជាក៏ដោយ ការជ្រើសរើសរថយន្តសាំងដែលមានទំហំម៉ាស៊ីនតូចល្មមសម្រាប់អ្នកបើកបរភាគច្រើនជាធម្មតាគឺម៉ាស៊ីនចំណុះ 1.5L 4-ស៊ីឡាំង ដោយវានៅតែអាចប្រើប្រាស់បានពិតប្រាកដ អាចទុកចិត្តបាន និងសមស្របសម្រាប់អ្នកបើកបរជាច្រើន ជាពិសេសអ្នកដែលចង់សន្សំសំចៃថ្លៃដើមរថយន្ត អាចពិចារណារថយន្តប្រើម៉ាស៊ីនតូចល្មមដែលល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ និងថវិកាមានកម្រិត៕