ភីស ភេត្រូលៀម (ខេមបូឌា) និងអៅវ័រ នេប័រហ៊ូដ ម៉ាត រួមគ្នាបង្កើតបទពិសោធន៍ថ្មីសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា

29-03-2026 09:27

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ លោក ទៀ ស្យាម ស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក និងលោក នុត តុន ស្ថាបនិកក្រុមហ៊ុន អៅវ័រ នេប័រហ៊ូដ ម៉ាត ឯ.ក បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍ និងពង្រីកឱកាសអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ។

កិច្ចសហការនេះត្រូវបានចាត់ទុកថាជាជំហានថ្មីមួយដ៏មានន័យ ដែលភ្ជាប់រវាងវិស័យថាមពល និងវិស័យហាងលក់ទំនិញរាយ ដោយមានគោលបំណងបង្កើតបទពិសោធន៍ថ្មី និងលើកកម្ពស់គុណភាពសេវាកម្មសម្រាប់អតិថិជននៅកម្ពុជា។

តាមរយៈកិច្ចសហការនេះ អន ម៉ាត នឹងក្លាយជាដៃគូសហការផ្តាច់មុខ ក្នុងការផ្តល់សេវាហាងលក់ទំនិញរាយនៅតាមបណ្តាស្ថានីយរបស់ ភីស ភេត្រូលៀម ស្របតាមផែនការអភិវឌ្ឍរួមរបស់ក្រុមហ៊ុនទាំងពីរ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងចម្បងក្នុងការ៖

*បង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជននៅតាមស្ថានីយប្រេង
*លើកកម្ពស់ភាពងាយស្រួល និងល្បឿនក្នុងការផ្តល់សេវាកម្ម
*គាំទ្រ និងលើកស្ទួយផលិតផល និងអាជីវកម្មក្នុងស្រុក
*បង្កើតស្តង់ដារថ្មីសម្រាប់វិស័យហាងលក់ទំនិញរាយនៅកម្ពុជា

ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហការនេះ មិនត្រឹមតែជាការរីកចម្រើនសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការបង្កើតប្រព័ន្ធពាណិជ្ជកម្មទំនើប ដែលអាចឆ្លើយតបតម្រូវការរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ស្តង់ដារសេវាកម្មឲ្យឈានទៅកម្រិតអន្តរជាតិ។

លោក នុត តុន បានមានប្រសាសន៍ថា កិច្ចសហការនេះ គឺជាការចាប់ផ្តើមនៃការបង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជន ដែលភ្ជាប់ជីវិតប្រចាំថ្ងៃជាមួយសេវាកម្មដែលមានគុណភាព និងស្តង់ដារខ្ពស់។

ជាមួយគ្នានេះ លោក ទៀ ស្យាម ក៏បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងលើកកម្ពស់សេវាកម្មឲ្យលើសពីការផ្គត់ផ្គង់ថាមពល និងជឿជាក់ថា អៅវ័រ នេប័រហ៊ូដ ម៉ាត គឺជាដៃគូសមស្របក្នុងការបង្កើតអនាគតថ្មីនេះជាមួយគ្នា។

កិច្ចសហការនេះក៏បង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមចំណែកអភិវឌ្ឍអាជីវកម្មក្នុងស្រុក និងបង្កើតមោទនភាពជាតិ តាមរយៈការផ្តល់សេវាកម្ម និងផលិតផលដែលមានគុណភាពខ្ពស់ជូនដល់ប្រជាជនកម្ពុជា៕