ក្រុមម្ចាស់ផ្ទះ World Cup 2026 ទទួលបានលទ្ធផលខកចិត្តដូចគ្នា ក្នុងជំនួបកំដៅសាច់ដុំ

29-03-2026 10:39

(បរទេស)៖ សហរដ្ឋអាមេរិក រួមទាំងមិចស៊ិក ដែលជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 សុទ្ធតែធ្វើមិនបានល្អដូចគ្នា នៃជំនួបមិត្តភាពអន្តរជាតិកំដៅសាច់ដុំកាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ ESPN។

អាមេរិក បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ បិសាចក្រហមប៊ែលហ្សិក ២ទល់នឹង៥ ដែលស្ថិតក្រោមការដឹកនាំ ដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino ក្នុងនាមប្រទេសម្ចាស់ផ្ទះ World Cup ជាលើកទី២ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោយធ្លាប់ធ្វើម្ចាស់ផ្ទះលើកដំបូងកាលឆ្នាំ១៩៩៤។

នេះជាការបរាជ័យលើកទី៤ ជាប់ៗគ្នាផងដែរ ពីប្រវត្តិជួបគ្នា ៤លើកកន្លងមក និងមាន ១លើកចាញ់ដោយលទ្ធផល ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដង កាលនៅ World Cup។

ជាមួយគ្នានោះដែរ មិចស៊ិកដែលជាសហម្ចាស់ផ្ទះ WC26 ជាមួយអាមេរិក និងកាណាដាផងនោះ មិនអាចធ្វើអ្វីក្រុមភ្ញៀវ ព័រទុយហ្គាល់ដែលអវត្តមានប្រធានក្រុម Cristiano Ronaldo បានឡើយ ក្រៅពីបញ្ចប់ក្នុងលទ្ធផល ០-០ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនានេះ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា មិចស៊ិកដែលស្ថិតនៅតំបន់អាមេរិកខាងជើង និងទទួលបានសិទ្ធិរៀបចំ World Cup ជាលើកទី៣ របស់ពួកគេនេះ នៅតែលេងមិនឈ្នះក្រុមខ្លាំងនៅអឺរ៉ុប ក្រៅពីធ្លាប់ចាញ់ ២លើក និងស្មើ ១លើក ពីប្រវត្តិជួបគ្នា ៣ដងកន្លងមកផងដែរ៕