ក្រុមហ៊ុន ដាយគីនកម្ពុជា បង្ហាញបច្ចេកវិទ្យាទំនើប នៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤

29-03-2026 11:08

(ភ្នំពេញ)៖ ក្រុមហ៊ុន Daikin Airconditioning (Cambodia) បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងបង្កើនការយល់ដឹងអំពីសមិទ្ធផល ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យនាពេលអនាគត ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាចំណុចស្នូលក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្នុងនាមជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់លំដាប់ពិភពលោក ដាយគីន បាននាំយកបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលផ្តោតលើប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ថាមពល និងដំណោះស្រាយ HVAC ឆ្លាតវៃ ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់គុណភាពខ្យល់ក្នុងអាគារ និងគាំទ្រកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ អ្នកទស្សនាមានឱកាសស្វែងយល់អំពីផលិតផល និងបច្ចេកវិទ្យាចុងក្រោយរបស់ ដាយគីន ដែលជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងផ្តល់នូវផាសុកភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ លើសពីនេះ ក្រុមហ៊ុនក៏បានរៀបចំការបង្ហាញប្រតិបត្តិការផលិតផលជាក់ស្តែង ព្រមទាំងផ្តល់ការប្រឹក្សាពីអ្នកជំនាញ ដើម្បីជួយអតិថិជនយល់ដឹងយ៉ាងច្បាស់អំពីដំណោះស្រាយម៉ាស៊ីនត្រជាក់ជំនាន់ថ្មី សម្រាប់ការប្រើប្រាស់នៅក្នុងលំនៅដ្ឋាន អាជីវកម្ម និងវិស័យឧស្សាហកម្ម។

ការចូលរួមរបស់ក្រុមហ៊ុន Daikin Airconditioning (Cambodia) នៅក្នុងព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការគាំទ្រគោលដៅអភិវឌ្ឍជាតិ ស្របតាមគំនិតផ្តួចផ្តើមរបស់ក្រសួងពាក់ព័ន្ធ ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យ HVAC និងការការពារបរិស្ថាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕