មន្ទីរពេទ្យខ្មែរដំបូងគេ ទទួលបានពានរង្វាន់ «មន្ទីរពេទ្យឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦» និងពានរង្វាន់ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាជនកម្ពុជា ឆ្នាំ២០២៦» នៅសិង្ហបុរី
30-03-2026 08:42
(សិង្ហបុរី)៖ មន្ទីរពេទ្យអឃីត មានមោទនភាពដែលបានទទួលស្គាល់ជា «មន្ទីរពេទ្យឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦» (Hospital of the Year – Cambodia) និងពានរង្វាន់ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាជនកម្ពុជា ឆ្នាំ២០២៦» (Health and Wellness Initiative of the Year – Cambodia) របស់កម្មវិធី Healthcare Asia Awards 2026។
លោកម៉ា អ៊ែមមឺសិន នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត បានថ្លែងថា៖ «៩ឆ្នាំមុន យើងចាប់ផ្តើមជាមួយទស្សន:សាមញ្ញមួយគឺ ដើម្បីបង្កើនស្តង់ដារនៃការថែទាំសុខភាពស្ត្រី កុមារ និងក្រុមគ្រួសារក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ឈរនៅទីនេះ ក្នុងនាមជាមន្ទីរពេទ្យខ្មែរដំបូងគេ ដែលទទួលបានពានរង្វាន់ពី Healthcare Asia Awards គឺពិតជាបានបង្ហាញយើងទាំងអស់គ្នាថា ការខិតខំ ការជឿជាក់ និងការបន្តធ្វើរបស់យើង នាំយើងមកបានឆ្ងាយប៉ុណ្ណា»។
លោកម៉ា អ៊ែមមឺសិន នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត បន្ត «សូមអរគុណដល់ការដឹកនាំរបស់ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េងលី ក៏ដូចជាក្រុមការងារអឃីតគ្រប់ជាន់ថ្នាក់។ ពានរង្វាន់នេះ គឺសម្រាប់អ្នកទាំងអស់គ្នា ហើយពាននេះបង្ហាញថា ប្រទេសយើងក៏មានមន្ទីរពេទ្យដែលមានស្តង់ដារ មានគុណភាព និងមានក្រុមគ្រូពេទ្យឯកទេស ជនជាតិខ្មែរ មានទឹកចិត្តមេត្តា ករុណា មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ជាអ្នកព្យាបាល និងមើលថែទាំដោយផ្ទាល់»។
ការទទួលបានពានរង្វាន់ «មន្ទីរពេទ្យឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦» (Hospital of the Year – Cambodia) គឺឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងការផ្តល់ជូននូវសេវាវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត លើផ្នែកសម្ភព រោគស្ត្រី ផ្នែកកុមារ និងទារក ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកជំងឺទូទៅ និងផ្នែកវះកាត់ផ្សេងៗទៀត ដែលក្នុងនោះមានក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញជាង 100 នាក់ និងបានផ្តល់សេវាកម្មជូនអតិថិជនជាង 110,000 នាក់ ក្នុងឆ្នាំ 2025។
មន្ទីរពេទ្យអឃីត ក៏ត្រូវបានទទួលស្គាល់លើការវិនិយោគដើម្បីបង្កើនគុណភាពសេវាកម្ម និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបដូចជា៖
* ការវិនិយោគលើម៉ាស៊ីនពិនិត្យអេកូ AI 5D ទំនើប (Ultrasound AI 5D)
* និងម៉ាស៊ីនអង្គុយពង្រឹងសាច់ដុំអាងត្រគាក (EMS Pelvic Chair)
ដែលបច្ចេកវិទ្យាទាំងនេះ អាចជួយឲ្យការពិនិត្យមានភាពច្បាស់លាស់ និងព្យាបាលដោយប្រសិទ្ធភាពខ្ពស់។
លើសពីនេះ មន្ទីរពេទ្យក៏អនុវត្តតាមស្តង់ដារអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយស្តង់ដារ ISO 9001:2015, ISO 45001:2018 និង ISO 10004:2018 លើគុណភាព សុវត្ថិភាព និងបទពិសោធន៍ល្អបំផុតសម្រាប់ទាំងបុគ្គលិក និងអតិថិជន។
ពានរង្វាន់ដែលមន្ទីរពេទ្យអឃីតទទួលបានមួយទៀតគឺ ពានរង្វាន់ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាជនកម្ពុជា ឆ្នាំ២០២៦» (Health and Wellness Initiative of the year in Cambodia) ដែលឆ្លុះបញ្ចាំងពីការផ្សព្វផ្សាយ ការផ្តល់ចំណេះដឹងសុខភាពតាមរយៈយុទ្ធនាការ «ស្រ្តីដែលយើងស្រលាញ់-Women We Love» នៅលើទាំងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងតាមរយៈសិក្ខាសាលា នៅតាមសាកលវិទ្យាល័យ ក្រុមហ៊ុនដៃគូ និងកម្មវិធីផ្សេងៗលើប្រធានបទសំខាន់ៗដូចជា៖ សុខភាពស្ត្រីក្នុងវ័យបន្តពូជ សុខភាពស្រ្តីក្នុងវ័យមុន និងក្រោយអស់រដូវ សុខភាពផ្លូវចិត្ត និងការការពារជំងឺផ្សេងៗ។
តម្រូវការផ្នែកសុខភាពតែងមានការវិវត្តទៅតាមការរីកចម្រើនរបស់សង្គមជាតិ ពានរង្វាន់ និងការទទួលស្គាល់នេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជាពុំចាំបាច់ធ្វើដំណើរចេញទៅក្រៅប្រទេស ដើម្បីទទួលសេវាសុខាភិបាលទៀតនោះទេ។ មន្ទីរពេទ្យអឃីត គឺជាផ្នែកមួយនៃវឌ្ឍនភាព និងការអភិវឌ្ឍន៍នៃវិស័យសុខាភិបាលកម្ពុជា ផ្តល់ការថែទាំសុខភាពជូនគ្រប់ក្រុមគ្រួសារ និងរួមចំណែកកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា៕
















