បារាំង បញ្ចេញចង្កូមត្រៀម World Cup 2026 តាមរយៈបំបាក់កូឡុំប៊ី នៅសហរដ្ឋអាមេរិក

30-03-2026 09:37

(បរទេស)៖ ក្រុមបាល់ទាត់មាន់គកបារាំង បានយកឈ្នះកូឡុំប៊ី ៣-១ នៃជំនួបមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិកកាលពីរាត្រីថ្ងៃអាទិត្យ ត្រៀមព្រឹត្តិការណ៍ FIFA World Cup 2026 មកដល់នាខែមិថុនាខាងមុខ។ នេះបើយោងតាមការ yahoo sports។

គ្រូបង្វឹក Didier Deschamps បានប្រើប្រាស់ឈុតដំបូង ដើម្បីចាប់ផ្តើមលេងមិត្តភាព ២លើកនាចុងខែមីនា ឆ្នាំ២០២៦ និងធ្វើបានល្អផងដែរ តាមរយៈយកឈ្នះក្រុមខ្លាំងសាំបាប្រេស៊ីល ២-១ មុនមកបន្តឈ្នះកូឡុំប៊ី ៣-១ យប់មិញនេះថែមទៀត។

បារាំង អតីតជើងឯក World Cup ២សម័យកាលក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ បានផ្តើមរកបានគ្រាប់បាល់បើកឆាកនៅនាទី២៩ ដោយកីឡាករ Doue មុនពេលមិត្តរួមក្រុម Thuram ធ្វើបានគ្រាប់ទី២ នៅនាទី៤០ មុនពេលបញ្ចប់វគ្គទី១។

Doue ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក PSG បន្តរកបានគ្រាប់ទី២ របស់ខ្លួនដែលជាការនាំមុខ ៣គ្រាប់មុន មុនពេល Campaz ធ្វើបានសម្រេចតែ ១គ្រាប់សម្រាប់កូឡុំប៊ី ក្នុងនាមក្រុមមានកៅអី World Cup 2026 នៅអាមេរិក មិចស៊ិក និងកាណាដាដូចគ្នា។

ឆ្លងតាមជ័យជម្នះនេះដែរ បារាំងដែលជាជើងឯករងកាល World Cup 2022 នៅកាតា បន្តកំណត់ត្រាលេង ៥ប្រកួតចុងក្រោយមិនចាញ់ឡើយ ពោលគឺស្មើ១ និងឈ្នះ ៤លើក ស្របពេលកូឡុំប៊ីដែលមាន James Rodriguez ម្ចាស់ស្បែកជើងមាសកាល World Cup 2014 ក្នុងចំណោម ៥ប្រកួតចុងក្រោយ ស្មើ១ ឈ្នះ២ និងចាញ់ ២លើក៕