ស្វីសគ្រោងរឹតបន្តឹងច្បាប់បណ្តាញសង្គមលើកុមារ ក្រោយការស្ទង់មតិរកឃើញការគាំទ្រដល់ទៅ ៩៤%

30-03-2026 10:21

(បរទេស)៖ យោងតាមការស្ទង់មតិថ្មីមួយពីស្ថាប័ន GfS Bern បានបង្ហាញថា ប្រជាជនស្វីសភាគច្រើនលើសលប់ដល់ទៅ ៩៤% ចង់ឱ្យមានការការពារអនីតិជនឱ្យបានកាន់តែរឹងមាំពីផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គម។ ការស្ទង់មតិនេះបានធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលជុំវិញពិភពលោក កំពុងដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ជុំវិញសុវត្ថិភាពអ្នកប្រើប្រាស់វ័យក្មេង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វីស លោកស្រី Elisabeth Baume‑Schneider បានបង្ហាញជំហរយ៉ាងច្បាស់ថា លោកស្រី «បើកចំហចំពោះលទ្ធភាពនៃការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់យុវវ័យ»។ បច្ចុប្បន្ន រដ្ឋាភិបាលស្វីសកំពុងតែព្រាងច្បាប់ថ្មី ដើម្បីគ្រប់គ្រងវេទិកាអនឡាញធំៗឱ្យមានតម្លាភាពជាងមុន និងកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនោះលើមតិសាធារណៈ។

ក្រៅពីប្រទេសស្វីស ប្រទេសជិតខាងគឺអូទ្រីស ក៏បានសម្រេចចិត្តជំរុញការហាមឃាត់កុមារអាយុក្រោម ១៤ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមផងដែរ។ ចលនានេះកាន់តែមានទម្ងន់ បន្ទាប់ពីតុលាការនៅសហរដ្ឋអាមេរិកបានកាត់ក្តីឱ្យក្រុមហ៊ុន Meta និង Google ចាញ់ក្តី ក្រោមបទចោទថា «ធ្វេសប្រហែសក្នុងការរចនាបណ្តាញសង្គមដែលបង្កគ្រោះថ្នាក់ដល់យុវជន»

គួរជម្រាបថា និន្នាការពិភពលោកកំពុងងាកទៅរកការរឹតបន្តឹងច្បាប់ឌីជីថល ដើម្បីធានាថាការរីកចម្រើននៃបច្ចេកវិទ្យា មិនបំផ្លាញសុខភាពផ្លូវចិត្ត និងសុវត្ថិភាពរបស់ក្មេងជំនាន់ក្រោយនោះឡើយ៕