Toyota bZ7 សម្ពោធបាន ១ម៉ោង មានការបញ្ជាទិញដល់ទៅ ៣,១០០គ្រឿង ព្រោះមានចំណុចពិសេសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
30-03-2026 10:23
(បរទេស)៖ រថយន្តអគ្គិសនីលំដាប់ប្រណីតប្រភេទ Sedan ម៉ូឌែល Toyota bZ7 ដែលជាកិច្ចសហការបង្កើតឡើងរួមគ្នារវាងក្រុមហ៊ុន GAC និង Toyota បានបង្កើតកំណត់ត្រាគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ២០២៦នេះ ដោយទទួលបានការបញ្ជាទិញ (Orders) ចំនួន ៣,១០០គ្រឿង ក្នុងរយៈពេលត្រឹមតែ ៦០នាទីដំបូង បន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៦ នេះ។
ចំណុចលេចធ្លោ និងបច្ចេកវិទ្យាសំខាន់របស់ Toyota bZ7 ម៉ូឌែលថ្មីនេះ គឺស្ថិតក្នុងតម្លៃសមរម្យខ្លាំងដែលធ្វើឱ្យអ្នកមានតម្រូការឡានអគ្កិសនីចាប់អារម្មណ៍ខ្លាំងនោះ មាននៅតម្លៃចាប់ពីប្រហែល ២៦,០០០ ដុល្លារ ដល់ ៣៤,៨០០ ដុល្លារ (១៧៩,៨០០ - ២៣៩,៨០០ យ័ន) ដោយរថយន្តនេះមានបំពាក់បច្ចេកវិទ្យានូវប្រព័ន្ធម៉ូទ័រអគ្គិសនី Huawei DriveONE កម្លាំង ២០៧គីឡូវ៉ាត់ (២៧៨ សេះ) និងប្រព័ន្ធបញ្ជាក្នុងរថយន្ត HarmonyOS 5.0 (Smart Cockpit)។ ប្រព័ន្ធជំនួយការបើកបរ (ADAS) ប្រើប្រាស់ប្រព័ន្ធ Momenta R6 ដែលមានសេនស័រចំនួន ២៧គ្រាប់ រួមទាំងបច្ចេកវិទ្យា LiDAR នៅលើដំបូលដែលអាចជួយដល់ការបើកបរដោយស្វ័យប្រវត្តិទាំងក្នុងក្រុង និងលើផ្លូវហាយវេ។
Toyota bZ7 មានភ្ជាប់មកជាមួយប្រព័ន្ធ Xiaomi Ecosystem ដែលវាជារថយន្តដំបូងៗបានបញ្ចូលនូវប្រព័ន្ធវៃឆ្លាតរបស់ Xiaomi (Human x Car x Home) ដែលអនុញ្ញាតឱ្យអ្នកបើកបរភ្ជាប់ទំនាក់ទំនងជាមួយឧបករណ៍វៃឆ្លាតនៅផ្ទះបានយ៉ាងងាយស្រួល។
បូករួមជាមួយថាមពលកម្លាំងថ្មទំហំ ៧១.៣៥គីឡូវ៉ាត់ម៉ោង (ជិះបាន ៦០០គីឡូម៉ែត្រ) និងកម្លាំងថ្ម ៨៨.១៣គីឡូវ៉ាត់ម៉ោង ជិះបានដល់ ៧១០គីឡូម៉ែត ស្ថិតក្នុងលក្ខខណ្ឌប្រទេសចិន CLTC)។
Toyota bZ7 ក៏ទទួលបានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 800V (High-voltage Platform) ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត អាចសាកពី ៣០% ទៅ ៨០% ក្នុងពេលត្រឹមតែ ១០-១៥ នាទី ប៉ុណ្ណោះ (Peak power អាចឡើងដល់លើស ២៥០ គីឡូវ៉ាត់)។ ឬលោកអ្នកចំណាយពេលសាកថ្មត្រឹមតែ ១០នាទី អាចធ្វើដំណើរបានចម្ងាយរហូតដល់ ៤០០គីឡូម៉ែត្រ។
រថយន្តនេះមានប្រវែងខ្លួនដល់ទៅ ៥,១៣០មីលីម៉ែត្រ (ធំជាង Toyota Camry) ជាមួយរូបរាងបែប Fastback ដ៏ទាក់ទាញ ហើយផ្នែកខាងក្នុងបំពាក់ដោយកៅអី Zero-Gravity ដែលផ្តល់ផាសុកភាពខ្ពស់បំផុត ព្រមទាំងប្រព័ន្ធសំឡេង Yamaha និងដំបូលកញ្ចក់ Panorama ផងដែរ។
ជាការកត់សម្គាល់ក្នុងទីផ្សារ Toyota bZ7 គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំរបស់ Toyota ពីការយក "តួខ្លួនរឹងមាំ និងម៉ាកយីហោជប៉ុន" មកបូកបញ្ចូលជាមួយ "បច្ចេកវិទ្យាថ្ម និងបច្ចេកវិទ្យា Software ដ៏វៃឆ្លាតរបស់ចិន" ហើយតម្លៃចន្លោះពី ២៦,០០០$ - ៣៤,៨០០$ នៅស្រុកចិន គឺជាតម្លៃមួយដែលប្រកួតប្រជែងខ្លាំងជាមួយម៉ូឌែល Tesla Model 3 និង Xiaomi SU7 ៕



