SoftBank ចាយលុយ ៤០ពាន់លានដុល្លារទៀត ចូល OpenAI ជាសញ្ញាបង្ហាញថានឹងចូលផ្សារហ៊ុននៅចុងឆ្នាំ២០២៦ នេះ

30-03-2026 11:46

(បរទេស)៖ ក្រុមហ៊ុនយក្សជប៉ុន SoftBank បានសម្រេចខ្ចីប្រាក់ចំនួន ៤០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់ការប្តេជ្ញាចិត្តវិនិយោគចំនួន ៣០ពាន់លានដុល្លាររបស់ខ្លួនទៅក្នុងក្រុមហ៊ុន OpenAI។ ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការកៀរគរទុនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ OpenAI ដែលទទួលបានទឹកប្រាក់សរុបដល់ទៅ ១១០ពាន់លានដុល្លារកាលពីខែមុន។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កម្ចីថ្មីនេះជាប្រភេទ កម្ចីគ្មានទ្រព្យបញ្ចាំ (Unsecured Loan) និងមានរយៈពេលសងត្រឹមតែ ១២ខែប៉ុណ្ណោះ។ នេះមានន័យថា SoftBank ត្រូវតែសង ឬរៀបចំរចនាសម្ព័ន្ធបំណុលនេះឡើងវិញនៅត្រឹមឆ្នាំក្រោយ។ រយៈពេលដ៏ខ្លីបែបនេះ បានក្លាយជាសញ្ញាបង្ហាញថា ម្ចាស់បំណុល (ធនាគារ) មានទំនុកចិត្តថា ការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) របស់ OpenAI ដែលពិភពលោកកំពុងទន្ទឹងរង់ចាំ នឹងអាចកើតឡើងនៅចុងឆ្នាំ២០២៦ នេះ ដូចដែលសារព័ត៌មាន CNBC បានចុះផ្សាយនាពេលកន្លងមក។ កម្ចីដ៏មហិមានេះ ត្រូវបានផ្តល់ដោយធនាគារលំដាប់ពិភពលោកដូចជា JPMorgan Chase, Goldman Sachs និងធនាគារធំៗចំនួន ៤ ទៀតរបស់ជប៉ុន។

ប្រសិនបើ OpenAI ឈានជើងចូលទីផ្សារភាគហ៊ុនក្នុងឆ្នាំនេះមែន វានឹងក្លាយជាការបោះផ្សាយលក់មូលបត្រដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់សាច់ប្រាក់ងាយស្រួល (Liquidity) យ៉ាងសន្ធឹកសន្ធាប់ដល់ SoftBank ដើម្បីទូទាត់បំណុលក្នុងរយៈពេលដ៏ខ្លី។ ជាមួយនឹងការបន្ថែមទុន ៣០ពាន់លានដុល្លារនេះ ធ្វើឱ្យការវិនិយោគសរុបរបស់ SoftBank នៅក្នុងក្រុមហ៊ុនផលិត ChatGPT មួយនេះ កើនឡើងដល់ជាង ៦០ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ១៣% នៃភាគហ៊ុនសរុបរបស់ OpenAI៕