ក្រុមហ៊ុន «Grab» ទម្លាក់កម្រៃសេវាសម្រាប់កង់បីបណ្តោះអាសន្ន ៥%និង ១០% តាមរយៈការផ្តល់ជាប្រាក់ត្រលប់(Cashback) និងផ្តល់ជាកញ្ចប់គាំទ្រ ដើម្បីសម្រាលបន្ទុកលើការឡើងថ្លៃហ្គាស-សាំង
30-03-2026 11:58
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៦នេះ ក្រុមហ៊ុន Grab បានប្រកាសពីកញ្ចប់គាំទ្របន្ថែម ដើម្បីពង្រឹងនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជួយជ្រោមជ្រែងដល់ដៃគូបើកបរឱ្យបានអស់ពីលទ្ធភាព។ បន្ទាប់ពីបានស្តាប់នូវមតិយោបល់របស់ ដៃគូបើកបរយ៉ាងយកចិត្ត ទុកដាក់ទាក់ទងនឹងការឡើងថ្លៃហ្គាស (LPG) និងប្រេងសាំង ក្រុមហ៊ុន Grab បានដាក់ចេញនូវគោលការណ៍លើកទឹកចិត្តថ្មីមួយ ដែលមានភាព បត់បែនជាងមុន រួមជាមួយកញ្ចប់ថវិកាឧបត្ថម្ភបន្ថែម ដើម្បីជួយគ្រប់គ្រងលើការចំណាយក្នុងប្រតិបត្តិការប្រចាំថ្ងៃ។
កម្មវិធីលើកទឹកចិត្តប្រចាំថ្ងៃថ្មី
ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ដៃគូបើកបរ ក្រុមហ៊ុន Grab បានកែសម្រួលគំរូនៃការ លើកទឹកចិត្ត បណ្តោះអាសន្ន របស់ខ្លួន។ ក្រុមហ៊ុនកំពុងផ្លាស់ប្តូរពីការផ្តល់ប្រាក់លើកទឹកចិត្តថេរចំនួន ៣០០រៀល ក្នុងមួយជើង សម្រាប់ Tuk Tuk មកជាទម្រង់ "ផ្តល់ប្រាក់ត្រឡប់មកវិញ" (Cashback) ថ្មីវិញ៖ គឺធ្វើការកាត់បន្ថយកម្រៃសេវា Grab ចំនួន ៥% សម្រាប់ការដឹកចាប់ពី ១ ដល់ ១៩ ជើង ក្នុងមួយថ្ងៃ និង ១០% សម្រាប់ការដឹកចាប់ពី ២០ជើង ឡើងទៅ។ គំនិតផ្ដួចផ្ដើមនេះគឺជាការវិនិយោគថ្មីស្រឡាងពីសំណាក់ក្រុមហ៊ុន Grab ដែលផ្តល់ជូនបន្ថែមលើកញ្ចប់ថវិកាឧបត្ថម្ភដែលមានស្រាប់ចំនួន ២៨០,០០០,០០០ រៀល (៧០,០០០ ដុល្លារអាមេរិក) ក្នុងទម្រង់ជាប័ណ្ណចាក់ សាំង និងហ្គាសរបស់Grab។
ការជួយសម្រាលបន្ទុកថ្លៃសាំង និងហ្គាស (LPG) និងការចែកជូនភេសជ្ជៈ
ប័ណ្ណសាំង និងហ្គាស (LPG)៖ ចាប់តាំងពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Grab បានផ្តល់ប័ណ្ណសាំង និងហ្គាសដែលមានតម្លៃ ៥ដុល្លារ, ១០ ដុល្លារ និង ១៥ ដុល្លារ ដល់ដៃគូបើកបរឆ្នើមជាង ២,០០០ នាក់ជារៀងរាល់សប្តាហ៍។ ប័ណ្ណទាំងនេះត្រូវបាន បង្កើតឡើង ដើម្បីជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួនប្រចាំថ្ងៃ និងដើម្បីទទួលស្គាល់ដៃគូបើកបរដែលតែងតែផ្តល់សេវាកម្មប្រកបដោយស្តង់ដារខ្ពស់។ លក្ខខណ្ឌនៃការទទួលបាន និងការណែនាំអំពីការប្រើប្រាស់ប័ណ្ណ ត្រូវបានជូនដំណឹងតាមរយៈកម្មវិធី Grab Driver និងផ្ញើសារជូនដំណឹងផ្ទាល់ក្នុង App។
ការចែកជូនភេសជ្ជៈ៖ ដើម្បីជួយឱ្យដៃគូបើកបរ និងដឹកជញ្ជូន រក្សាជាតិទឹកក្នុងរដូវក្តៅ និងកាត់បន្ថយការចំណាយមួយចំណែក ក្រុមហ៊ុន Grab បានសហការជាមួយ ក្រុមហ៊ុន កូកាកូឡា និងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរចំនួន ១១ ទីតាំង ក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនភេសជ្ជៈចំនួន ៨៥,០០០ កំប៉ុង ដល់ដៃគូបើកបរ។ "ដៃគូបើកបររបស់យើង គឺជាឆ្អឹងខ្នងនៃសេវាកម្មរបស់យើង ហើយយើងប្តេជ្ញាឈរនៅក្បែរពួកគាត់ជានិច្ច នៅពេលពួកគាត់ប្រឈម នូវពេលវេលាដ៏លំបាកទាំងនេះ។ តាមរយៈការស្វែងយល់ពីតម្រូវការរបស់ដៃគូបើកបរ និងការវិវត្តនៃកញ្ចប់គាំទ្ររបស់យើង គឺយើង បានប្តូរគោលការណ៍លើកទឹកចិត្តផ្អែកលើភាគរយប្រចាំថ្ងៃវិញម្តង ហើយយើងធានាថាការខិតខំប្រឹងប្រែងរបស់ដៃគូបើកបរ នឹងទទួល បានមកវិញនូវការលើទឹកចិត្តកាន់តែគាប់ប្រសើរ។យើងជឿជាក់ថា ការជួយដល់ជីវភាពរបស់ដៃគូបើកបរយើងនៅថ្ងៃនេះ គឺយើង កំពុងតែកសាងសហគមន៍មួយដែលកាន់តែរឹងមាំ និងមានភាពធន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា"។ នេះជាប្រសាសន៍ របស់លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
ការការពារសហគមន៍
ក្នុងការអនុវត្តវិធានការគាំទ្រទាំងនេះ ក្រុមហ៊ុន Grab បានរ៉ាប់រងលើការចំណាយភាគច្រើនដោយខ្លួនឯង។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់លើថ្លៃធ្វើដំណើររបស់អ្នកដំណើរ ដែលជួយបង្ការសម្ពាធអតិផរណាបន្ថែមដល់សហគមន៍ទាំងមូលក្នុងអំឡុង ពេលដ៏លំបាកនេះ។ ចំណុចគួរដឹងអំពីទឹកចិត្តសប្បុរសធម៌ (ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ឬ Tipping) ខណៈពេលដែលក្រុមហ៊ុន Grab បន្តផ្តល់មូលនិធិគាំទ្រទាំងនេះដោយខ្លួនឯង យើងដឹងថាអ្នកដំណើរជាច្រើនបានសួរនាំអំពីវិធី ដែលពួកគេអាចជួយបាន។ សម្រាប់អ្នកដែលចង់បង្ហាញទឹកចិត្តសប្បុរសបន្ថែម។ មុខងារផ្តល់ប្រាក់ឧបត្ថម្ភ (Tipping Feature) របស់ Grab គឺមាននៅក្នុងកម្មវិធីបន្ទាប់ពីបញ្ចប់ការធ្វើដំណើរនីមួយៗ។ ការផ្តល់ប្រាក់ ឧបត្ថម្ភនេះគឺអាស្រ័យលើការស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់អ្នកដំណើរទាំងស្រុង។ ១០០% នៃប្រាក់ឧបត្ថម្ភដែលបានផ្តល់ នឹងទៅដល់ ដៃគូបើកបរដោយផ្ទាល់ដើម្បីគាំទ្រដល់ជីវភាពរបស់ពួកគេ។
សម្រាប់ដៃគូបើកបរដែលចង់ជ្រាបព័ត៌មានបន្ថែម៖ សូមពិនិត្យមើលកម្មវិធី Grab Driver និងសារជូនដំណឹងក្នុង App ដើម្បីដឹងពីលក្ខខណ្ឌ ទទួលបាន កាលវិភាគចែកប័ណ្ណសាំង និងហ្គាស និងទីតាំងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរដែលចូលរួម។ ព័ត៌មានលម្អិតបន្ថែម និងបច្ចុប្បន្នភាព អំពីទីតាំង និងពេលវេលាទទួល នឹងត្រូវបានជូនដំណឹងតាមរយៈកម្មវិធី Grab Driver និងបណ្តាញទំនាក់ទំនងផ្លូវការរបស់ Grab ដូចជា Facebook, TikTok, Reels និង Telegram។
Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab បម្រើសេវាកម្មជាង ៨០០ ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីappតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានបេសកកម្មដើម្បី ជំរុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវាកម្ម ដោយផ្តោតលើគោលការណ៍សំខាន់ៗបីយ៉ាង ក្នុងគោលបំណងផ្តល់ផលហិរញ្ញវត្ថុក្នុងពេលដំណាលគ្នាសម្រាប់ម្ចាស់ភាគហ៊ុន ផ្តល់ផលវិជ្ជមានដល់សង្គម រួមទាំងការពង្រឹងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ និងការរួមចំណែកជួយកាត់បន្ថយផល ប៉ះពាល់បរិស្ថានផងដែរ៕








